ដោយ៖ សុខុម
វ៉ាស៊ីនតោន: ធនាគារកណ្តាលអាមេរិក កាលពីថ្ងៃពុធ ទី៤ ខែឧសភា បានប្រកាសដំឡើងអត្រាការប្រាក់ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០០ ដោយដំឡើងពិន្ទុភាគរយចំនួនពាក់កណ្តាល ដើម្បីទប់អតិផរណាដែលកំពុងហក់ឡើងកាន់តែខ្ពស់នៅសហរដ្ឋអាមេរិក។
ដោយអតិផរណាហក់ឡើងក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៤ទសវត្សរ៍មកនេះ លោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក បានបញ្ជូនសារផ្ទាល់ទៅកាន់ពលរដ្ឋអាមេរិក ដោយបានបង្ហាញក្ដីបារម្ភចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីការឡើងថ្លៃទំនិញ ហើយសន្យាថានឹងប្រើប្រាស់គ្រប់វិធីដើម្បីធ្វើឱ្យថ្លៃទំនិញធ្លាក់ចុះមកវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា នេះ។
ទោះជាយ៉ាងណា លោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកនៅតែមានទំនុកចិត្តថា សេដ្ឋកិច្ចអាមេរិកមានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការដំឡើងអត្រាការប្រាក់ ដោយមិនឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។
បន្ទាប់ពីការដំឡើងអត្រាការប្រាក់១ភាគ៤ភាគរយក្នុងខែមីនា គណៈកម្មាធិការទីផ្សារបើកទូលាយសហព័ន្ធ (FOMC) នៃធនាគារកណ្តាលអាមេរិក បានជំរុញអត្រាការប្រាក់គោលឱ្យឡើងលើសពី០,៧៥% ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ហើយបានអះអាងថា ការដំឡើងអត្រាការប្រាក់បន្ថែមទៀត "នឹងជាការសមស្រប"។
ការដំឡើងនេះនឹងធ្វើឱ្យអ្នកខ្ចីប្រាក់សម្រាប់កម្ចីគ្រប់ប្រភេទចំណាយច្រើនជាងមុន រាប់ចាប់ពីកម្ចីទិញផ្ទះ ប័ណ្ណឥណទាន រហូតដល់កម្ចីទិញរថយន្ត។
អតិផរណាបានក្លាយជាកង្វល់ដ៏ធំធេង បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ជួបវិបត្តិទំនិញឡើងថ្លៃខ្ពស់រហូតដល់ទៅ៨,៥% ក្នុងរយៈពេល១២ខែមកនេះ គិតមកទល់នឹងខែមីនា ដែលជាការហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែធ្នូ ឆ្នាំ១៩៨១ មក៕
No comments:
Post a Comment