ដោយៈគង់ សូរិយា
ភ្នំពេញៈ ផ្លូវបេតុងមួយខ្សែមានប្រវែង៦,០០០ម៉ែត្រ ដែលប្រសិទ្ធនាមថា " រុក្ខវិថី បុប្ផា ប្រសិទ្ធ " ជុំវិញឧទ្យានជាតិកែប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងបម្រើដល់វិស័យទេសចរណ៍ក្នុងខែត្តកែប។
ពិធីសម្ភោធផ្លូវរុក្ខវិថីនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៤ ខែឧសភា ក្រោមវត្តមានលោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបនិងអាជ្ញាធរពាក់ព័ន្ឋ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់បានមានប្រសាសន៍ថា ផ្លូវបេតុង ប្រវែង៦,០០០ម៉ែត្រនេះ នឹងក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសចរណ៍ថ្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរណ៍ អាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើន នៅក្នុងព្រៃឧទ្យានជាតិនេះ។
លោកបានសម្តែងសុទិដ្ឋិនិយមថា "ឧទ្យានជាតិនេះ និងប្រែក្លាយទៅជាបំណែកមួយ ជាមួយនឹងការធ្វើសមាហរណកម្ម វិស័យទេសចរណ៍ សេដ្ឋកិច្ចខេត្ត និងបំណែកមួយទៀតជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ"។
ឧទ្យានជាតិកែប គឺជាឧទ្យានជាតិមួយ ស្ថិតនៅកណ្តាលក្រុងកែប ខេត្តខេត្តកែប របស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣។ខេត្តនេះមានទំហំផ្ទៃដី៦៦,៦គីឡូម៉ែត្រការ៉េ។ ឧទ្យាននេះរួមមានជួរភ្នំតូចមួយដែលមានផ្លូវ និងផ្លូវលំដែលពេញនិយមពីអ្នកទេសចរណ៍៕
No comments:
Post a Comment