ដោយ៖ សុធី
ប៉ៃលិន៖ វិស័យអចលនទ្រព្យនៅខេត្តប៉ៃលិនហាក់មានសភាពល្អប្រសើរ ក្នុងរយៈពេលចុងក្រោយនេះ ដោយអ្នកជំនាញវិស័យអចលនទ្រព្យ បានឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិបាន និងកំពុងបង្កើនសក្តានុពលវិនិយោគវិស័យដីធ្លីក្នុងខេត្តប៉ៃលិន។
លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty បានឱ្យដឹងថា គម្រោងវិនិយោគអចលនទ្រព្យនៅតំបន់ព្រំដែន នៅក្នុងខេត្តប៉ៃលិន ក៏មិនមានអ្វីប្លែកច្រើនដែរ ដោយទើបតែចាប់ផ្តើមមានសណ្ឋាគារ និងកាស៊ីណូមួយចំនួនតូចតែប៉ុណ្ណោះ ហើយបើពិនិត្យមើលពីកម្រិតជីវភាពប្រជាជន គឺនៅមានកម្រិត ដោយភាគច្រើនពឹងផ្អែកតែទៅលើមុខរបរកសិកម្ម ចំណែកការវិនិយោគទ្រង់ទ្រាយតូចតាចតែប៉ុណ្ណោះ។
លោកបានឱ្យដឹងទៀតថា សព្វថ្ងៃនេះ ច្រកព្រំដែនអន្តរជាតិនេះបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត តាមរយៈការទាក់ទាញលើការវិនិយោគផ្សេងៗ ដូចជា រមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងជាពិសេសកាស៊ីណូ។
លោកគូសបញ្ជាក់ថា កាស៊ីណូនៅច្រកព្រំដែនអន្តរជាតិមួយនេះមានតិចតួច កន្លែង រួមទាំង កាស៊ីណូខ្នាតតូច និងខ្នាតធំ។ បន្ទាប់ពីធូរស្បើយពីជំងឺកូវីដមកទីផ្សារអចលនទ្រព្យហាក់មានសន្ទុះឡើងវីញ ហើយប្រជាពលរដ្ធកម្ពុជាក៏មិនសូវទិញដី ឬលំនៅឋានទុកលក់យកចំណេញដែរ គឺពួកគាត់ទិញតម្រូវការស្នាក់នៅតែម្តង។
លោកបានបន្តថា "ដីធ្លីនៅតំបន់មាត់ច្រកព្រំដែននេះនៅតែមានហាងឆេងខ្ពស់ជាងគេ បើធៀបនឹងទីផ្សារដីធ្លីនៅក្នុងក្រុងប៉ៃលិន ហើយភាពរីកចម្រើននៅច្រកព្រំដែនអន្តរជាតិក៏ធ្វើឱ្យតម្លៃដីនៅតំបន់នៅក្បែរៗនោះមានទីផ្សារល្អផងដែរ រួមទាំងដីសម្រាប់ធ្វើកសិកម្ម"។
ថ្លែងក្នុងសន្នសីទសារព័ត៌មានស្តីពីវឌ្ឍនភាពរបស់ខេត្តនាពេលថ្មីៗកន្លងទៅនេះ លោក ធូ ភា អភិរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋបាលខេត្តបានពង្រីកវិសាលភាពនៃការដាំដុះ និងស្វែងរកទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ប្រទេសថៃ ដោយបានធានាបាននូវតម្លៃលើទីផ្សារនឹងនរនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
No comments:
Post a Comment