ដោយ៖ សុខុម
អន្តរជាតិ: អភិបាលនៃតំបន់រដ្ឋបាលចំនួន៤ របស់ប្រទេសរុស្ស៊ី បានប្រកាសលាលែងពីតំណែងភ្លាមៗ កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ខណៈប្រទេសនេះត្រៀមខ្លួនប្រឈមមុខដោះស្រាយផលប៉ះពាល់ នៃទណ្ឌកម្មសេដ្ឋកិច្ច ដាក់ដោយលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្ត ក្រោយរុស្ស៊ីបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។

ប្រមុខដឹកនាំនៃតំបន់រដ្ឋបាល Tomsk តំបន់រដ្ឋបាល Saratov តំបន់រដ្ឋបាល Kirov និងតំបន់រដ្ឋបាល Mari El បានប្រកាសលាលែងពីតំណែងភ្លាមៗ ខណៈប្រមុខដឹកនាំតំបន់រដ្ឋបាល Ryazan បានប្រកាសថា លោកនឹងមិនឈរឈ្មោះអាណត្តិក្រោយទៀតទេ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១០ ឧសភា បានឱ្យដឹងថា ការបោះឆ្នោតគ្រោងនឹងធ្វើឡើង ក្នុងតំបន់រដ្ឋបាលទាំង៥នេះ ក្នុងខែកញ្ញា ឆ្នាំ២០២២ខាងមុខ។
ទោះបីជាប្រមុខដឹកនាំតំបន់រដ្ឋបាលនៃប្រទេសរុស្ស៊ី ត្រូវបានជ្រើសតាំង តាមរយៈការបោះឆ្នោតជ្រើសក្ដី ក៏ផ្នែកនយោបាយពួកគេនៅតែស្ថិតនៅក្រោមឱវាទរបស់វិមានក្រឹមឡាំងដែរ។

ឆ្លើយតបទៅនឹងការប្រកាសលាលែងពីតំណែងភ្លាមៗនេះ លោក Ilya Grashchenkov ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍនយោបាយតំបន់ (Centre for the Development of Regional Politics) ដែលមានមូលដ្ឋាននៅក្រុងមូស្គូ បានអះអាងថា វិមានក្រឹមឡាំង កំពុងដកតំណែងប្រមុខដឹកនាំថ្នាក់តំបន់ណា ដែលអសមត្ថភាព ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ស្របពេលប្រទេសរុស្ស៊ីកំពុងប្រឈមនឹងទស្សនវិស័យសេដ្ឋកិច្ចកាន់តែដុនដាប ដោយសារទណ្ឌកម្មរបស់លោកខាងលិច។
ក្រសួងសេដ្ឋកិច្ចនៃប្រទេសរុស្ស៊ី និយាយថា សេដ្ឋកិច្ចរុស្ស៊ី នឹងធ្លាក់ចុះ៨,៨%នៅឆ្នាំ២០២២នេះ៕
No comments:
Post a Comment