ដោយ៖ សុផារី
ភ្នំពេញ ៖ ផ្លូវលេខ៥៩៨ ដែលត្រូវបានស្គាល់ជាទូទៅថា ផ្លូវជាសុផារ៉ា កំពុងរីកមុខមាត់លើវិស័យអចលនទ្រព្យយ៉ាងខ្លាំង ដោយបានប្រែក្លាយពីតំបន់ជាយក្រុងគ្មានមនុស្ស មកជាតំបន់មជ្ឍមណ្ឌលពាណិជ្ជកម្មកណ្តាល។
ក្នុងរយៈពេលចុងក្រោយនេះ ផ្លូវជាសុផារ៉ា បានស្រូបយកនូវគម្រោងលំនៅឋាននៃក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ លើគម្រោងសាងសង់ជាបុរី អគារស្នាក់នៅ ការិយាល័យធ្វើការរបស់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងទីតាំងប្រកបអាជីវកម្មនានា ដែលធ្វើឱ្យផ្លូវមួយខ្សែនេះមានភាពរីកចម្រើនអ៊ូអរគួរឱ្យកត់សម្គាល់។
ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ន ផ្លូវជាសុផារ៉ា ត្រូវបានក្រុមអ្នកអភិវឌ្ឍន៍សាងសង់លំនៅឋានប្រភេទបុរីជាច្រើន ដូចជា បុរីវិមានភ្នំពេញ បុរីជីប ម៉ុង បុរីប៉េង ហ៊ួត បុរីភ្នំពេញថ្មី បុរីវីឡាទួលសង្កែ បុរីមង្គលភ្នំពេញ បុរីភ្នំពេញសែនសុខ ជាដើម បានជ្រើសរើសដើម្បីអភិវឌ្ឍតំបន់មួយនេះឱ្យក្លាយទៅជាតំបន់លំនៅឋានយ៉ាងពិតប្រាកដ។ ក្រៅពីនេះ គេសង្គេតឃើញមានវត្តមានអគារខុនដូខ្ពស់ៗ បាននិងកំពុងលូតខ្ពស់ត្រដែតនៅលើផ្លូវមួយនេះផងដែរ ដូចជា គម្រោង Vista Condo គម្រោងខុនដូជប៉ុនកម្ពស់ ២៩ជាន់ TV Tower 1 គម្រោងផ្សេងៗជាច្រើនទៀត។
វត្តមាននៃផ្សារទំនើប និងអគារពាណិជ្ជកម្មនានាក៏បាននិងកំពុងសាងសង់ នៅលើបណ្តោយផ្លូវនេះផងដែរជាពិសេសផ្សារទំនើបជីប ម៉ុង ដ៏ធំដែលមានទីតាំងនៅក្បែរនឹងគម្រោងបុរីជីប ម៉ុង៥៩៨។
ក្រៅពីការសាងសង់ជាបុរី និងផ្សារទំនើប ក៏មានការិយាល័យធ្វើការរបស់ស្ថាប័នរដ្ឋ និងឯកជនជាច្រើនដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងផ្តល់ស្លាកលេខរថយន្តរបស់អគ្គនាយកដ្ឋានដឹកជញ្ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សាលាអប់រំកាយ និងកីឡា ក្រុមហ៊ុនលីហ៊ួរលីស៊ីង ក្រុមហ៊ុនតូយ៉ូតា ក្រុមហ៊ុន DKSH ក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ ជាដើម។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍នៅថ្ងៃទី០១ ខែឧសភានេះថា ប៉ែកខាងជើងគឺជាតំបន់សក្តានុពលថ្មី សម្រាប់ការអភិវឌ្ឍន៍លំនៅឋាន ជាពិសេសតំបន់លំនៅឋានសម្រាប់អ្នកមានរស់នៅ។
ប្រសិនបើចង់សង់ផ្ទះសម្រាប់អ្នកមានជាន់ថ្មី គឺប៉ែកខាងជើង ប៉ែកខាងអុីអន២ និងក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ព្រោះអ្វីដែលពាក់ព័ន្ធនឹងជីវិតនៃសម័យទំនើបគឺមានទាំងអស់។
តំបន់ក្បែរក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មិនសាកសមនឹងការសាងសង់សំណង់លំនៅដ្ឋានអភិជន ព្រោះតំបន់នេះគឺជាតំបន់អ្នកមានជំនាន់ថ្មី។
លោកបណ្ឌិតមានប្រសាសន៍ថា "បើយើងសាងសង់នៅប៉ែកខាងជើង ក្បែរក្រសួងដែនដី យើងមិនអាចសាងសង់ផ្ទះល្វែងបានទេ គឺត្រូវសង់លំដាប់អភិជន"៕
No comments:
Post a Comment