ដោយៈសុខុម
អន្តរជាតិ: អង្គការសុខភាពពិភពលោក (WHO) បានទម្លាយតួលេខគួរឱ្យតក់ស្លុតថា ចំនួនសរុបនៃអ្នកស្លាប់ ដោយសារវីរុសកូវីដ-១៩ នៅឥណ្ឌា មានរហូតដល់ទៅប្រមាណ៤,៧៥លាននាក់ចាប់តាំងពីឆ្នាំ២០២០ ពោលគឺច្រើនជាងតួលេខផ្លូវការ ដែលឥណ្ឌាបានបង្ហាញរហូតដល់ទៅ១០ដង។

រដ្ឋាភិបាលឥណ្ឌា មិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះតួលេខរបស់អង្គការWHO ហើយបានរិះគន់ស្ថាប័នសុខាភិបាលអន្តរជាតិមួយនេះយ៉ាងចាស់ដៃ ខណៈប្រទេសនេះបានបញ្ចេញរបាយការណ៍ផ្លូវការថា ចំនួនសរុបនៃអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ មានចំនួន៤៨១.០០០នាក់សម្រាប់ឆ្នាំ២០២០-២០២១។ នេះបើយោងតាមារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃសុក្រ ទី៦ ខែឧសភា នេះ។

បន្ទាប់ពីអង្គការ WHO បានចេញផ្សាយតួលេខនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ខែឧសភា រដ្ឋាភិបាលឥណ្ឌា បានបញ្ចេញប្រតិកម្មភ្លាមៗ ដោយនិយាយថា ខ្លួនប្រឆាំងជំទាស់នឹងវិធីសាស្ត្រគណនារបស់ទីភ្នាក់ងារសុខាភិបាល នៃអង្គការសហប្រជាជាតិមួយនេះ។
ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ ដោយចោទប្រកាន់អង្គការ WHOថាបានចុះផ្សាយទិន្នន័យបំប៉ោងគ្មានមូលដ្ឋាន "ដោយមិនដោះស្រាយក្ដីបារម្ភរបស់ឥណ្ឌា ឱ្យបានត្រឹមត្រូវ"។

ក្រសួងនេះនិយាយទៀតថា "ទិន្នន័យពិតប្រាកដ" របស់រដ្ឋាភិបាលឥណ្ឌាមានស្រាប់ទៅហើយ មិនគួរណាអង្គការនេះគណនាឃើញតួលេខអ្នកស្លាប់ច្រើនហួសហេតុ សម្រាប់ប្រទេសឥណ្ឌា ដែលមានប្រជាជន១,៣ពាន់លាននាក់បែបនេះឡើយ៕ South China Morning Post៕
No comments:
Post a Comment