ដោយៈ ជេស៊ីកា
ភ្នំពេញៈ វល្លរ៍បានតោងឡើងជញ្ជាំងព័ទ្ឋជុំវិញរបង អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Rong Tower ស្របពេលជញ្ជាំងព៌ណខៀវកំពស់ប្រមាណ៥ម៉ែត្រ ហាក់បានស្លកព៌ណបណ្តើរៗ។
ជាមួយគ្នានេះ សកម្មភាពជីកដីទប់ជញ្ជាំង ក៏បានផ្អាកសកម្មភាពជាយូរមកហើយ ដែលធ្វើឲ្យសាធារណៈជនជាច្រើន បានបង្ហាញក្តីអស់សង្ឃឹម ខណៈពួកគេ ទន្ទឹងរង់ចាំការសាងសង់អគារនេះ ដើម្បីបង្អួតទៅកាន់ពិភពលោក។
កញ្ញាលក្ខិណា ដែលបានឈប់ម៉ូតូរង់ចាំមិត្តភ័ក្តិ ធ្វើការងារនៅសណ្ឋាគារ និងកាស៊ីណូណាហ្កា ស្ថិតនៅទល់មុខគំរោងនេះបាននិយាយឲ្យដឹងកាលពីរសៀលថ្ងៃទី២៩ មេសាថា កញ្ញាបានឃើញរបងអគារនេះ ជាយូរមកហើយ ប៉ុន្តែមិនឃើញមានសកម្មភាពអ្វី គួរឲ្យកត់សំគាល់នោះទេ ដោយអ្វីៗហាក់បានស្ងប់ស្ងាត់។
កញ្ញាបន្តថា "ខ្ញុំអស់សង្ឃឹម ប៉ុន្តែនៅតែចង់ឃើញក្រុមហ៊ុនសាងសង់អគារនេះ ព្រោះបើសិនជាសាងសង់ ទីក្រុងរបស់យើងនឹងកាន់តែលេចធ្លោលើឆាកអន្តរជាតិ"។ កញ្ញាបន្តថា "បើយើងមានវត្តមានអគារនេះ ទីក្រុងរបស់យើងនឹងមានភាពលេចធ្លោ មិនចាញ់ទីក្រុងនានានៅអាស៊ានឡើយ"។
ជាមួយគ្នានេះ លោកកេង ឧត្តមបុគ្គលិកក្រុមហ៊ុនឯកជនមួយបានលើកឡើងឲ្យដឹងថា លោកធ្លាប់បានទៅលេងកំសាន្ត នៅប្រទេសម៉ាឡេស៊ី សាំងហ្កាពួរ អ្វីៗនៅប្រទេសគេកំពុងរីកចម្រើនខ្លាំង ពិសេសទីក្រុងរបស់គេ ដែលមានវត្តមានអគារខ្ពស់ៗច្រើន ដូចជា អាគារ Petronas Tower នៅទីក្រុងកូឡាឡាំពួរមានភាពលេចធ្លោណាស់ ក្នុងតំបន់អាស៊ាន ប៉ុន្តែបើសិនជាក្រុុមហ៊ុនថៃ ប៊ុនរ៉ុងសាងសង់អគារនេះ យើងនឹងវ៉ាដាច់គេក្នុងតំបន់ ក៏ដូចជាពិភពលោក ព្រោះនៅលើពិភពលោក មិនទាន់មានវត្តមានអគារភ្លោះខ្ពស់បែបនេះទេ។
លោកឧត្តមបានសម្លឹងទៅកាន់របង ព័ទ្ឋជុំវិញមជ្ឈមណ្ឌលដែលបានផ្គាកសកម្មភាពនេះថា "ខ្ញុំមិនសូវមានសង្ឃឹមច្រើនទេថា អាគារនេះនឹងសាងសង់ ប៉ុន្តែខ្ញុំចង់ឃើញការសាងសង់នាពេលខាងមុខ"។ លោកបន្តថា "ខ្ញុំមិនអស់សង្ឃឹមទេ ព្រោះក្រុមហ៊ុននេះធំណាស់ និងបានបំបែកឯកទកម្មសាងសង់អគារខ្ពស់ជាងគេនៅទីក្រុងភ្នំពេញ គឺសណ្ឋាគារ Continental និងកំពុវងសាងសង់ អាគារខ្ពស់ជាងគេនៅក្រុងកំពតផងដែរ"។
ជាមួយនឹងការឌីសាញឡើង ក្នុងរូបភាពជាអាគារភ្លោះ និងលេចធ្លោស្កឹមស្កៃ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ Thai Boon Rong Twin Tower នឹងក្លាយជា Landmark ថ្មីមួយសំរាប់រាជធានីភ្នំពេញ ដែលវានឹងកាន់តែទាក់ទាញ ព្រមទាំងផ្ត់ល់ទំនុកចិត្តបន្ថែមទៀត ដល់អ្នកវិនិយោគអន្តរជាតិ ដែលមកវិនិយោគ និងគ្រោងមកវិនិយោគនៅកម្ពុជា។
មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះនេះ ត្រូវបានឌីសាញឡើងសម្រាប់ផ្សារទំនើបលំដាប់អន្តរជាតិ សណ្ឋាគារផ្កាយ៦ អាផាតម៉ិនលំដាប់ផ្កាយប្រាំ ខុនដូលំដាប់ប្រណីត ការិយាល័យលំដាប់ មជ្ឈមណ្ឌលកំសាន្តលំដាប់ពិភពលោក ទីតាំងសម្រាប់គយគន់ទិដ្ឋភាពរាជធានីភ្នំពេញជាដើម។
ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ លោកសាស្រ្តាចារ្យទួស សាភឿន ប្រធានក្រុមស្ថាបត្យករដឹកនាំការឌីសាញអគារនេះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីពេលថ្មីៗនេះថា ការសាងសង់អគារនេះ នៅតែបន្តធ្វើនាពេលខាងមុខ ដោយលោកអះអាងថា ការងារបច្ចេកទេសទាំងអស់ សម្រាប់ការសាងសង់អគារនេះ បានបញ្ចប់សព្វគ្រប់អស់ហើយ រង់ចាំតែពេលវេលាចាប់ផ្តើមសាងសង់ប៉ុណ្ណោះ។
ទោះជាយ៉ាងណាលោកសាស្រ្តាចារ្យ នៅតែមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ លំដាប់ពិភពលោកនេះ នឹងចាប់ផ្តើមសាងសង់នៅពេលណានៅឡើយទេ។
យ៉ាងណាក្តី បុគ្គលិកជាន់ខ្ពស់ផ្នែកសាងសង់ នៃក្រុមហ៊ុនសំណង់លំដាប់ពិភពលោកនៅកម្ពុជា បានមានប្រសាសន៍ផ្ទុយ ពីការលើកឡើងនេះ ដោយលោកបានឲ្យដឹងថា ការសាងសង់ជញ្ជាំងទប់ដីរបស់អគារនេះ មិនទាន់បានបញ្ចប់នៅឡើយទេ៕
No comments:
Post a Comment