ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេ​សបើកសេដ្ឋកិច្ចឡើងវិញកាលពីចុងឆ្នាំមុន សកម្មភាព នៃការធ្វើអាជីវកម្ម ការវិនិយោគដីធ្លី និងអភិវឌ្ឍន៍វិស័យផ្សេងទៀត ហាក់មានកំណើនបន្តិចឡើងវិញ តែបើធៀបនឹងអំឡុងពេលនៃមុនវិបត្តិកូវិដ១៩ គឺទើបតែបានតិចតួចប៉ុណ្ណោះ។

លោក វ៉ែន ឈុនហ៊ាត អ្នកអភិវឌ្ឍន៍និងភ្នាក់ងារដីធ្លីមួយរូបនៅកម្ពុជាបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ មិនានេះថា រហូតមកដល់ពេលនេះស្ថានភាពនៃការវិនិយោគដីធ្លីនៅកម្ពុជា មិនទាន់ប្រសើរឡើងនៅឡើយទេ តែយើងក៏មិនអាចនិយាយថា វាគាំងរហូតដល់អត់មានដំណើរការសោះនោះទេ។

លោកបន្តថា បើធៀបនឹងមុនកូវីដ១៩ សកម្មភាពនៃការវិនិយោគដីធ្លីនៅកម្ពុជាគឺទើបតែទទួលបាន១០ ទៅ១៥ភាគរយប៉ុណ្ណោះ វាមិនមែនងើបខ្លាំងៗ ដូចអ្វីដែលអ្នកជំនាញ និងអ្នកធ្វើការនៅក្នុងវិស័យនេះ មួយចំនួននិយាយនោះទេ ។ សម្រាប់រូបលោក រហូតមកដល់ពេលនេះ គម្រោងដីមួយចំនួន ដែលលោកទទួលលក់គឺនៅគាំងនៅឡើយ មិនទាន់មានការសួរនាំពីវិនិយោគិនដីធ្លីនៅឡើយ ។

លោកឈុនហ៊ាតបានបន្តថា មិនយូរទេ សកម្មភាពដីធ្លីនៅកម្ពុជានឹងអាចប្រសើរឡើងវិញ ជាពិសេសនៅអំឡុងពាក់កណ្ដាលឆ្នាំ២០២២នេះ ឬចុងឆ្នាំនេះ ដោយរំពឹងពីការវិនិយោគមកពីក្រៅប្រទេស និងតម្រូវការនៃការប្រើប្រាស់ដីធ្លីនៅក្នុងវិស័យអចលនទ្រព្យ ។

ដោយឡែកលោកសុខ គែន អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Kampot street Real Estate បានឱ្យដឹងផងដែរ សកម្មភាពអភិវឌ្ឍន៍ដីធ្លី នៅក្នុងខេត្តកំពត យើងមើលឃើញថាមានការកម្រើកច្រើនមែន ប៉ុន្តែបើយើងក្រលេកទៅមើល គម្រោងវិនិយោគដីធ្លីមួយចំនួន នៅក្នុងខេត្តនេះ ហាក់មិនដំណើរការទេ ។

លោកបន្តថា គម្រោងអភិវឌ្ឍន៍ដីធ្លី ដែលយើងមើលឃើញថាហាក់មិនសូវមានដំណើរការ គឺគម្រោងដីឡូត៏មិនថាដីឡូត៏លំហែ ឬដីឡូត៏លំនៅឋានឡើយ តែសម្រាប់ដីមិនទាន់អភិវឌ្ឍន៍ដូចជាដីអ្នកភូមិ អ្នកស្រុក និងលក់ក្រោមទីផ្សារ ឃើញថាមានការទិញលក់ជាហូរ និងមានតម្រូវការច្រើន តែសម្រាប់អ្នកដែលអភិវឌ្ឍន៍ហើយគឺនៅបន្តលូតលាស់យឺតៗ ។

យ៉ាងណាក្ដីអ្នកជំនាញ នៃវិស័យអចលនទ្រព្យជាច្រើនទៀត បានផ្ដល់ជាមតិថា ក្នុងវិស័យអចលនទ្រព្យ ការវិនិយោគដីធ្លីនៅតែទទួលបានឱកាសខ្ពស់ក្នុងាករទទួលបានប្រាក់ចំណេញ ជាពិសេសដីដែលនៅឆ្ងាយពីទីក្រុង ទីប្រជុំជន  ។ ដីនៅឆ្ងាយពីក្រុង ជាដីដែលមានតម្លៃទាប ដូច្នេះវិនិយោគិនអាចទិញដីទាំងនោះ ទុកសម្រាប់យកចំណេញនៅក្នុងរយៈ២ឆ្នាំ ៣ឆ្នាំឬយូរជាងនេះ អាស្រ័យលើម្ចាស់ដី។

ទោះជាយ៉ាងណាអ្នកស្រីតាំាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងថា សកម្មភាពទិញ​លក់ដិធ្លីមានសកម្មភាពខ្លះៗ នៅក្នុងក្រុង និងតំបន់ជាយក្រុង ប៉ុន្តែសកម្ម​ភាពទិញលក់ មិនមានសភាពពុះកញ្រ្ជោលដូចមុនវិបត្តិនៅឡើយទេ៕