ដោយៈសុខុម

អន្តរជាតិ: ក្រុមអ្នកជំនាញបានសម្ដែងការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីការចូលរួមពាក់ព័ន្ធ របស់ក្រុមហ៊ុនអចលនទ្រព្យក្នុងធនាគារពាណិជ្ជ ហើយព្រមានថាវាអាចបង្កហានិភ័យខ្ពស់ដល់ប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទាំងមូល។ នេះបើយោងតាមសារព័ត៌មាន Vietnamnet ចុះផ្សាយនៅថ្ងៃពុធ ទី៣០ ខែមីនា។

ក្រុមអ្នកជំនាញនិយាយថា ការចូលរួមពាក់ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យ ក្នុងធនាគារអាចមានឥទ្ធិពលអាក្រក់ ដល់ការអនុវត្តនៅក្នុងការផ្តល់ប្រាក់កម្ចីរបស់ធនាគារទាំងនេះ។ យោងតាមការចុះផ្សាយរបស់កាសែតអនឡាញ bnews.vn ឱ្យដឹងថា បណ្ដាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ ដែលក៏ជាម្ចាស់ធនាគារមួយចំនួនដែរនោះ អាចទទួលបានប្រាក់កម្ចីច្រើនជាងធម្មតា សម្រាប់គម្រោងអចលនទ្រព្យរបស់ពួកគេ។

លោក Nguyen Tri Hieu ដែលជាអ្នកជំនាញជនជាតិវៀតណាម បានលើកឡើងថា ភាគច្រើនក្រុមហ៊ុនអចលនទ្រព្យ ដែលមានទំនាក់ទំនងពិសេសបែបនេះ ជាមួយធនាគារនានា ច្រើនតែបោះផ្សាយសញ្ញាប័ណ្ណ ឬមូលបត្របំណុល ហើយលក់វាឱ្យទៅធនាគារទាំងនោះ។

នេះក៏ជាទម្រង់នៃការផ្តល់ប្រាក់កម្ចីមួយផងដែរ ហើយត្រូវបានប្រើប្រាស់ជាឧបករ​ណ៍ហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាពមួយ ដើម្បីជួយឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទទួលបានប្រាក់កម្ចីពីធនាគារ ប៉ុន្តែហានិភ័យនៃការផ្តល់ប្រាក់កម្ចីបែបនេះ ត្រូវបានបិទបាំង។

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងការលើកកម្ពស់ការអភិវឌ្ឍ ទីផ្សារមូលធនរបស់ប្រទេសនេះ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនចូលចិត្តទម្រង់ នៃការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្ម។

ទោះជាយ៉ាងណា គេកត់សម្គាល់ឃើញថា ធនាគារ និងក្រុមហ៊ុនមូលបត្រគឺជាអ្នកទិញមូលបត្របំណុលច្រើនជាងគេបំផុត។

យោងតាមស្ថិតិថ្មីៗរបស់ក្រុមហ៊ុនមូលបត្រឈានមុខគេនៅវៀតណាម Saigon Securities Incorporation បានបង្ហាញថា ក្រុមហ៊ុននានាបានបោះផ្សាយមូលបត្របំណុល ដែលមានតម្លៃសរុបរហូតដល់ ទៅជាង ៣១,៦ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដោយកើនឡើង៥៦%បើធៀបនឹងឆ្នាំ២០២០។ ក្នុងចំណោមនោះ ក្រុមហ៊ុនអចលនទ្រព្យ ជាអ្នកបោះផ្សាយមូលបត្រធំជាងគេបង្អស់ ដែលគ្របដណ្ដប់ដល់ទៅ៤៤%នៃចំនួនមូលបត្រសរុប និងកើនឡើង៦៦,៣%បើធៀបនឹងឆ្នាំ២០២០។

លោក Le Xuan Nghia នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ធុរកិច្ច (Institute of Business Research and Development) ក៏បានសម្តែងការព្រួយបារម្ភដែរថា ប្រាក់កម្ចីរបស់ធនាគារ បានហូរចូលក្នុងក្រុមហ៊ុនអចលនទ្រព្យតាមរយៈការទិញសញ្ញាប័ណ្ណសាជីវកម្ម។ វាពិតជាគួរឱ្យបារម្ភណាស់ ព្រោះទំហំប្រាក់កម្ចីទាំងនោះគឺធំណាស់។

យោងតាមលោក Dinh Trong Thinh សាស្ត្រាចារ្យជាន់ខ្ពស់នៃបណ្ឌិត្យសភាហិរញ្ញវត្ថុ (Academy of Finance) ឱ្យដឹងថា ទំនាក់ទំនងបែបនេះរវាងក្រុមហ៊ុនអចលនទ្រព្យ និងធនាគារ អាចធ្វើឱ្យធនាគារផ្តល់អាទិភាព ក្រុមហ៊ុនទាំងនោះទទួលបានប្រាក់កម្ចីក្នុងករណីខ្លះ។ បែបនេះនឹងបង្កឱ្យមានផលវិបាកជាច្រើន នៅក្នុងការផ្តល់ប្រាក់កម្ចីរបស់ធនាគារ និងបង្កើតឱ្យមានការមិនស្មើភាពគ្នា ក្នុងចំណោមក្រុមហ៊ុននៅក្នុងការទទួលបានប្រាក់កម្ចីពីធនាគារ។

អ្នកជំនាញរូនេះបានបន្ថែមទៀតថា ទោះបីជាធនាគារកណ្ដាលវៀតណាម (State Bank of Vietnam) មានបទប្បញ្ញត្តិស្តីពី ការកំណត់ចំនួនប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យក្ដី ក៏បណ្ដាធនាគារិក ឬសមាជិកក្រុមប្រឹក្សាភិបាលធនាគារ នៅតែមានមធ្យោ​បាយជាច្រើន ដើម្បីជួយក្រុមហ៊ុនអចលនទ្រព្យរបស់ពួកគេ ឱ្យទទួលបានប្រាក់កម្ចីពីធនាគារ៕ Vietnamnet៕