ដោយៈសុខុម

អន្តរជាតិ: ពេលនេះតម្លៃប្រេងឆៅ លើទីផ្សារអន្តរជាតិបានបន្តហក់ឡើងរហូតលើស១១០ដុល្លារអាមេរិកទៅហើយ នៅមុនកិច្ចប្រជុំរបស់អង្គការប្រេង OPEC+ ស្របពេលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្រមានថា សន្តិសុខថាមពលពិភពលោក កំពុងស្ថិតក្រោមការគំរាមកំហែង បន្ទាប់ពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets នៅថ្ងៃពុធ ទី០២ មីនា នេះឱ្យដឹងថា ការជួញដូរប្រេង ទាំងនៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស និងក្រុងញូវយ៉ក ក្នុងសហរដ្ឋអាមេរិក សុទ្ធតែបានហក់ឡើងជាង៥%។

នាយកប្រតិបត្តិ IEA លោក Fatih Birol បានប្រកាសកាលពីថ្ងៃអង្គារ ទី០១ មីនា ថា ស្ថានភាពនៅក្នុងទីផ្សារថាមពលនានា គឺធ្ងន់ធ្ងរណាស់ពេលនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចធំៗផ្សេងទៀតបានព្រមព្រៀងបញ្ចេញស្តុកប្រេង។

លោកបានលើកឡើងបន្ថែមទៀតថា បណ្ដាវិនិយោគិននឹងរង់ចាំមើលការឆ្លើយតបពីអង្គការប្រេង OPEC+ នៅពេលក្រុមនេះ ជួបប្រជុំនៅថ្ងៃពុធទី០២ មីនា នេះដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់សម្រាប់ខែមេសា។

ទីផ្សារប្រេងពិភពលោក បានធ្វើការរឹតបន្តឹងរួចទៅហើយនៅមុនពេលប្រទេសរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បន្ទាប់ពីសេដ្ឋកិច្ចនានាបានស្ទុះងើបឡើងវិញយ៉ាងរឹងមាំពីវិបត្តិកូវីដ-១៩ ហើយការរាំងស្ទះដល់ការនាំចេញរបស់ប្រទេសរុស្ស៊ី ក៏អាចជំរុញឱ្យតម្លៃប្រេងឆៅ កាន់តែហក់ឡើងខ្ពស់ផងដែរ។

រដ្ឋាភិបាលនានានៅទូទាំងពិភពលោក កំពុងប្រឈមនឹងការកើនឡើងនូវសម្ពាធអតិផរណា ខណៈការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បានជំរុញឱ្យតម្លៃថាមពល លោហៈ និងធញ្ញជាតិហក់ឡើងថ្លៃកាន់តែខ្ពស់។

កត្តានោះបានជំរុញឱ្យសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តបញ្ចេញស្តុកប្រេងជាយុទ្ធសាស្ត្រ រហូតដល់ទៅ៦០លានបារ៉ែល ដើម្បីទប់ការឡើងថ្លៃ ទោះបីជាវិធានការស្រដៀងគ្នា កាលពីចុងឆ្នាំ២០២១ មានប្រសិទ្ធភាពតិចតួចយ៉ាងណាក្ដី៕  The Edge Markets៕