ដោយៈសុខុម
ក្រុងឡុងដ៍: រាជធានីនៃប្រទេសអង់គ្លេស ពោលគឺទីក្រុងឡុងដ៍ ដ៏ល្បីល្បាញ បានក្លាយជាគោលដៅកំពូលរបស់ពិភពលោក សម្រាប់ការវិនិយោគនានា រួមទាំងវិស័យអចលនទ្រព្យផងដែរ។
សារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ កុម្ភៈ ថា ការក្លាយជាគោលដៅកំពូលរបស់ពិភពលោក សម្រាប់ការវិនិយោគ រួមទាំងវិស័យអចលនទ្រព្យផងដែរនេះ មិនមែនជារឿងចៃដន្យឡើយ នោះក៏ដោយសារតួនាទី ដ៏សំខាន់របស់ទីក្រុងនេះ ស្ថិតនៅចំណុចស្នូលនៃពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ វិស័យអប់រំកម្រិតស្តង់ដារពិភពលោក និងវប្បធម៌ ព្រមទាំងបេតិកភណ្ឌដ៏សម្បូរបែប។
ទោះបីប្រឈមនឹងស្ថានភាព មិនប្រាកដប្រជាប៉ុន្មានឆ្នាំមកនេះយ៉ាងណាក្ដី ក៏រាជធានីរបស់អង់គ្លេស មួយនេះនៅតែរក្សាតំណែងឈានមុខគេនេះ ក្លាយជាគោលដៅវិនិយោគ ដ៏គួរឱ្យទាក់ទាញបំផុតរបស់ពិភពលោកសម្រាប់ការវិនិយោគ និងការអភិវឌ្ឍ ជាពិសេសនៅសង្កាត់ Battersea។ នេះបើយោងតាមក្រុមហ៊ុនសវនកម្មអន្តរជាតិ PwC និងរបាយការណ៍ស្ទង់មតិ Real Estate - Road to Recovery (អចលនទ្រព្យ - ផ្លូវឆ្ពោះទៅរកការងើបឡើង) របស់វិទ្យាស្ថាន Urban Land Institute។
ដោយទីក្រុងឡុងដ៍ កំពុងស្ទុះងើបឡើងយ៉ាងស្វាហាប់ វិស័យដែលទទួលបានផលមុនគេគឺវិស័យខុនដូ និងអាផាតម៉ិន ដោយទិន្នន័យថ្មីបង្ហាញពីកំណើនតម្លៃប្រចាំឆ្នាំ១,១% សម្រាប់អាផាតម៉ិននៅកណ្ដាលទីក្រុងនេះ និងកំណើន១%នៅក្រៅទីក្រុងនេះក្នុងឆ្នាំ២០២១។
ការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរនៅពេលនេះ និងកំណើននៃចំនួនជើងហោះហើរប្រចាំថ្ងៃ ចូលក្នុងប្រទេសអង់គ្លេស នឹងជំរុញចំណាប់អារម្មណ៍បោះទុនវិនិយោគបន្ថែមទៀត ហើយក៏នឹងជំរុញឱ្យការងើបឡើងវិញរបស់ទីក្រុងនេះ កាន់តែមានសន្ទុះលឿនផងដែរ។
សម្រាប់រយៈពេលវែង ទីក្រុងនេះត្រូវបានព្យាករថា នឹងទទួលបានកំណើនតម្លៃមូលធនដល់ទៅ២៤% ក្នុងរយៈពេល៥ឆ្នាំដល់ឆ្នាំ២០២៦ ហើយនេះ គឺជាពេលវេលាមាស សម្រាប់បណ្ដាវិនិយោគិន ដែលសម្លឹងរកឱកាសចំណេញពីកំណើនមូលធនរយៈពេលវែង៕ The Edge Markets៕
No comments:
Post a Comment