សុខុម

ប៊ែរឡាំងៈ រដ្ឋ Brandenburg នៃប្រទេសអាល្លឺម៉ង់ បានធ្វើសន្និសីទកាសែតនៅថ្ងៃសុក្រ ទី៤ មីនា នេះដើម្បីឈានទៅដល់ការអនុម័តគម្រោងរោងចក្រក្រុមហ៊ុន Tesla មួយដែលមានតម្លៃ៥,៥ពាន់លានដុល្លារអាមេរិក នៅក្បែរទីក្រុងប៊ែរឡាំង ប្រសិនបើក្រុមហ៊ុនបំពេញបានតាមលក្ខខណ្ឌតម្រូវ។

រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍ថា "នីតិវិធីអនុម័តសម្រាប់រោងចក្រផលិតរថយន្តអគ្គិសនី និងផលិតអាគុយរបស់ក្រុមហ៊ុនអាមេរិក Tesla នៅក្រុង Gruenheide នៃរដ្ឋ Brandenburg ជិតរួចរាល់ជាស្ថាពរហើយ"។

រយៈពេលជាច្រើនខែមកហើយដែលក្រុមហ៊ុន Tesla បាននិងកំពុងរង់ចាំការអនុម័តផ្ដល់អាជ្ញាប័ណ្ណដើម្បីចាប់ផ្តើមផលិតកម្មនៅរោងចក្ររថយន្តអគ្គិសនី (EV) និងរោងចក្រអាគុយនៅជាប់គ្នាក្នុងទីក្រុង Gruenheide ជិតទីក្រុងប៊ែរឡាំង។

មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla សង្ឃឹមថា រោងចក្រនេះនឹងជួយក្រុមហ៊ុនដណ្ដើមចំណែកទីផ្សារអឺរ៉ុប ដែលបច្ចុប្បន្នក្រុមហ៊ុន Volkswagen កាន់កាប់ចំណែក២៥%នៃការលក់រថយន្តអគ្គិសនី ខណៈក្រុមហ៊ុន Tesla កាន់កាប់ចំណែកទីផ្សារ១៣%។

បន្ទាប់ពីការពន្យារពេលជាច្រើនលើក លោកបាននិយាយកាលពីខែតុលា ឆ្នាំមុនថា លោកសង្ឃឹមថានឹងអាចដំណើរការរោងចក្រនេះនៅខែធ្នូ ចុងឆ្នាំ២០២១។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះក្រុមហ៊ុនមិនទាន់បានធ្វើបច្ចុប្បន្នភាពកាលវិភាគរបស់ខ្លួន សម្រាប់ការដំណើរការរោងចក្រនេះនៅឡើយទេ៕