ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជួន និងក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាធ្វើអធិការកិច្ចផ្លូវថ្នល់ នៅទូទាំងប្រទេស ដើម្បីគ្រប់គ្រងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការធានាសុវត្ថិភាពចរាចរ​ណ៍​នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពសិក្ដិសិទ្ធិភាព និងបរិស្ថានល្អ និងទប់ស្កាត់អំពើល្មើសនានា ដែលមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់។

ការធ្វើអធិការកិច្ចផ្លូវថ្នល់ សំដៅដល់ការតាមដានស្រាវជ្រាវ និងត្រួតពិនិត្យនៅតាមទីតាំង ឬនៅតាមបណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណ​ង់ផ្លូវថ្នល់នៅតាមបណ្ដាញផ្លូវថ្នល់ ដើម្បីចាត់វិធានការដល់បុគ្គល ដែលបានប្រព្រឹត្តអំពើល្មើស នឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពី ផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

បើតាមសេចក្តីប្រកាសរបស់អន្តរក្រសួងទាំងពីរ ចុះផ្សាយជាសាធារណៈកាលពីថ្ងៃទី១៩ ខែកុម្ភៈនេះបានឱ្យដឹងថា អធិការកិច្ចធ្វើឡើងតាមរយៈទី១. ការកំណត់សមត្ថកិច្ច និងនីតិវិធីសម្រាប់ការអនុវត្តការត្រួតពិនិត្យ និងឬការធ្វើអធិការកិច្ចលើ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យហេដ្ឋារចនាស   ម្ព័ន្ធផ្លូវថ្នល់។ ទី២. ការជំរុញបុគ្គលដែលទទួលបានសិទ្ធិលើការអភិវឌ្ឍ ឬការធ្វើអាជីវកម្មលើវិស័យផ្លូវថ្នល់ ឬបុគ្គល ពាកព័ន្ធ ឱ្យគោរពច្បាប់ និងលិខិ​តបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់។

ទី៣. ការកំណត់វិធានការនានា ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់។

បើតាមសេចក្តីប្រកាសអន្តរក្រសួង គឺរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានសិទ្ធិចេញ លិខិតបញ្ហាបេសកកម្ម ដល់មន្ដ្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ ស្របតាមសមត្ថកិច្ចដូចមានចែងនៅក្នុង បទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។ ចំណែក អភិបាលនៃគណៈអភិបាលរាជធានីខេត្ត មានសិទ្ធិចេញលិខិតបញ្ជាបេសកកម្ម ដល់មន្ត្រីអធិការកិច្ច ផ្លូវថ្នល់ថ្នាក់ក្រោមជាតិ ស្របតាមសមត្ថកិច្ចដូចមានចែងនៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផ្សេងទៀត ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល។

រាល់ការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវធ្វើឡើងជាប្រចាំ យ៉ាងតិច២ដងក្នុង១ឆ្នាំ នៅតាមទីតាំងឬលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ នៅតាមបណ្តាញផ្លូវថ្នល់។ ការចុះអនុវត្តការត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចនៅតាមទីតាំង ត្រូវជូនដំណឹងជាមុនទៅ ម្ចាស់ទីតាំង ឬតំណាងស្របច្បាប់។

ការជូនដំណឹងនេះ គឺត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ជូនដល់ម្ចាស់ ទីតាំង ឬតំណាងស្របច្បាប់ ក្នុងរយៈពេលយ៉ាងតិច៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ មុនថ្ងៃចុះធ្វើការត្រួតពិនិត្យនិង/ ឬការធ្វើអធិការកិច្ច។  រាល់ការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវមានការចូលរួម ពីមន្ត្រីអធិការកិច្ចផ្លូវថ្នល់ចំនួន៥ (ប្រាំ) នាក់យ៉ាងតិច សម្រាប់ការធ្វើអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ។ ២- ៣ (បី) នាក់យ៉ាងតិច សម្រាប់ការធ្វើអធិការកិច្ចផ្លូវថ្នល់ថ្នាក់ក្រោមជាតិ។

ក្នុងពេលចុះបំពេញបេសកកម្ម មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវមានលិខិតបញ្ហាបេសកកម្ម និងអត្តសញ្ញាណបណ្ណមន្ត្រីរាជការ។ ពាក់បណ្ណសម្គាល់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ និងប្រើប្រាស់ឯកសណ្ឋានផ្លូវការ របស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់។ ប្រើប្រាស់ឯកសណ្ឋានការពារសុវត្ថិភាព ក្នុងករណីចាំបាច់។

មន្ត្រីអធិការកិច្ចផ្លូវថ្នល់ អាចចូលបំពេញការងារ នៅក្នុងទីតាំងបាន លុះត្រា តែមានការចូលរួមឬមានវត្តមានម្ចាស់ទីតាំង ឬតំណាងស្របច្បាប់ ហើយទីតាំងកំពុងដំណើរការ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវចូលបំពេញការ​ងារនៅក្នុងទីតាំង ដោយបើកចំហជាសាធារណះ និងនៅក្នុងម៉ោងបំពេញការងារ គឺចាប់ពីម៉ោង ៦ ព្រឹក ដល់មុនម៉ោង ១៨ រសៀល។  ការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចផ្លូវថ្នល់ របស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ នៅតាមទីតាំង អាចធ្វើឡើងនៅក្រោយម៉ោង១៨រសៀល និងមុនម៉ោង៦ព្រឹកបាន លុះត្រាទទួលបានការអនុញ្ញាតពី ព្រះរាជអាជ្ញាជាមុន៕