ដោយៈ សុផារី

កំពង់ស្ពឺៈ មជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី លើផ្ទៃដីប្រមាណ១ម៉ឺនហិកតា កំពុងលេចមុខមាត់លើទឹកដីនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលផ្តុំ ការវិនិយោគចំរុះលើវិស័យកសិកម្ម ដូចជា ការកែច្នៃចំណីអាហារ ចិញ្ចឹមសត្វ ទីកន្លែងពានិជ្ជកម្មនិងចម្ការថាមពលព្រះអាទិត្យជាដើម។

មជ្ឈមណ្ឌលកសិកម្មនេះ ដែលបានបង្កើតដោយក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុនហុង ឡៃហួត គ្រុប លីមីតធីត បានដាក់ដំណើរការ និងបង្ហាញគម្រោងវិនិយោគផ្នែកកសិកម្មនៅក្នុងមជ្ឈមណ្ឌលនេះ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកលេង ឃាង តំណាងក្រុមហ៊ុនកសិកម្ម របស់ប្រទេសសិង្ហបុរី បានឱ្យដឹងថា មជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី គឺជាគម្រោងវិនិយោគដ៏ធំ និងជាគំនិតវិនិយោគបែបថ្មីមួយនៅកម្ពុជា។ នៅក្នុងមជ្ឈមណ្ឌលបែងចែកជា១៦តំបន់ ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ អាចជ្រើសរើសការវិនិយោគតាមបំណងប្រាថ្នារបស់ខ្លួន។

តំបន់ទាំង១៦ ដែលបង្កើតឡើងនៅក្នុតមជ្ឈមណ្ឌល កសិកម្មកម្ពុជា-សិង្ហបុរីនេះ រួមមានតំបន់ពាណិជ្ជកម្ម ដីកម្មសិទ្ធិឯកជន តំបន់ស្នាក់នៅ និងលំនៅដ្ឋានសាធារណៈ គម្រោងអភិវឌ្ឍចម្រុះ តំបន់ដំណាំកសិកម្ម តំបន់កសិកម្មចិញ្ចឹមសត្វ តំបន់ឧស្សាហកម្មធន់ស្រាល តំបន់ឧស្សាហកម្មកែច្នៃអាហារ និងមជ្ឈមណ្ឌលដឹកជញ្ជូន តំបន់កសិកម្មចិញ្ចឹមត្រី សត្វ និងថាម​ពលដើរដោយពន្លឺព្រះអាទិត្យ តំបន់ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងកសិកម្មចិញ្ចឹមសត្វ តំបន់ជីកយករ៉ែថ្ម តំបន់លក់សម្ភារៈសំណង់ រោងចក្រផ្គត់ផ្គង់ទឹក និងស្តុកទឹក អាងស្តុកទឹកសម្រាប់ប្រព័ន្ធធារាសាស្ត្រ កសិកម្មលំអរត្រី កង្កែប និងបង្កង និងតំបន់សម្រាប់អាជីវកម្មលើរូបបដិមា។

លោកលេង ឃាង បានឲ្យដឹងទៀតថា "យើងចង់ទាញអ្នកវិនិយោគនៅកម្ពុជា និងអ្នកវិនិយោគនៅសឹង្ហបុរី ក៏ដូចជាអ្នកវិនិយោគនៅប្រទេសផ្សេងៗមកកាន់ប្រទេសកម្ពុជា ដើម្បីយើងផ្តល់កន្លែង ផ្តល់ទីតាំង ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលយើងមានដីរហូតដល់១ម៉ឺនហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឱ្យពួកគាត់ផលិតនូវអ្វីដែលពួកគាត់ចង់វិនិយោគ"។

លោកបន្តថា "នេះគឺជាឱកាសមួយ សម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដែលគាត់ចង់វិនិយោគលើវិស័យកសិកម្ម គាត់អាចចូលរួមជាមួយក្រុមហ៊ុនអេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត"។

លោកលេង ឃាង បានអះអាងថា ខ្លួនបានដាក់ទុនវិនិយោគនៅទីតាំងខាងលើនេះ អស់ប្រមាណជា៣០លានមកហើយ ហើយការវិនិយោគនៅទីតាំងខាងលើនេះ គឺមានអំណោយផលខ្ពស់ សម្រាប់ការដឹកជញ្ជូនផលិត​ផល ដែលផលិតបានទៅកាន់ទីផ្សារ ដោយសារតែទីតាំងនៅជិតនឹងផ្លូវជាតិលេខ ៣ ៤ ៤១ ៤៤ និង៥១។

លោកបន្ថែមថា ឱរ៉ាល់ជាស្រុកមួយរបស់ខេត្តកំពង់ស្ពឺ ហើយមជ្ឈ​មណ្ឌលនេះ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វ ហើយយើងមានផ្លូវ ដែលអាចភ្ជាប់ទៅជាមួយផ្លូវជាតិលេខ៤ លេខ៥ លេខ៣ លេខ៤១ និង៥១ ដែលបង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគនៅក្នុងមជ្ឈមណ្ឌលនេះ ក្នុងការដឹកជញ្ជូនកសិផល និងផលិតផលទៅកាន់ទីផ្សារ។

លោកលេង ឃាង បានលើកឡើងដែរថា ប្រសិនបើមិនមានឧបសគ្គណាមួយមកបន្ទុចបង្អាក់ទេនោះ គម្រោងខាងលើនេះអាចសម្រេច ទៅតាមផែនការដែលបានរៀបចំ និងគិតគូរក្នុងរយៈពេលប្រមាណជាពីរ ទៅបីឆ្នាំខាងមុខនេះ។

លោកបន្តថា ការបង្កើតមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សឹង្ហបុរី មិនត្រឹមតែរួមចំណែកធ្វើឱ្យប្រសើរឡើង នូវសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែក៏នឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរផងដែរ ខណៈបច្ចុប្បន្នមានមានកម្មករ សរុបជាង ៤០០នាក់ហើយ កំពុងបម្រើការងារនៅតំបន់អភិវឌ្ឍន៍វិស័យកសិកម្មដ៏ធំមួយនេះ៕