ដោយ: វឌ្ឍនៈ
ភ្នំពេញ ៖ តំបន់អរិយក្សត្រ ជាតំបន់មួយដែលមានទីតាំងនៅជិតនឹងភ្នំពេញ គ្រាន់តែតំបន់នេះពិបាកធ្វើដំណើរមកកាន់ភ្នំពេញ និងពីភ្នំពេញ ទៅកាន់តំបន់នោះផ្ទាល់ ឬត្រូវធ្វើដំណើរដោយឆ្លងសាឡាង ។ ម្យ៉ាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់នេះនៅមានតិចតួចនៅឡើយ ដែលធ្វើឱ្យតំបន់អរិយក្សត្រមានការអភិវឌ្ឍយឺតយ៉ាវ ។
លោកស្រី អាន់ សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា កង្វះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់អរិយក្សត្រផ្ទាល់គឺជាឧបសគ្គនៃការអភិវឌ្ឍនៅក្នុងតំបន់នោះ ។ អ្វីដែលពិសេសការធ្វើដំណើរពីតំបន់អរិយក្សត្រមកភ្នំពេញ និងពីភ្នំពេញទៅតំបន់អរិយក្សត្រ ត្រូវធ្វើដំណើរដោយឆ្លងសាឡាង និងមានភាពយឺតយ៉ាវ ដូច្នេះហើយដែលធ្វើឱ្យតំបន់អរិយក្សត្រហាក់នៅឆ្ងាយពីរាជធានីភ្នំពេញ ។
លោកស្រីបន្តថា តម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្រក្នុងអំឡុងពេលនេះ ក៏ឃើញថាមានតម្លៃខ្ពស់ដែរ តែបើសិនជាតំបន់នេះមានស្ពានតភ្ជាប់ពីភ្នំពេញទៅត្រង់ វានឹងជំរុញឱ្យតម្លៃដីធ្លីកាន់តែខ្ពស់ និងអាចកែប្រែពីដីលំនៅឋាន ទៅតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល តែវាត្រូវការពេលវេលាដើម្បីធ្វើពិពិធកម្មដីធ្លីនេះ ។
លោកស្រីសុធីតា បានបន្ថែមថាផ្លូវនៅក្នុងតំបន់នេះផ្ទាល់ ជាផ្លូវតូចៗនៅឡើយ ហើយបើសិនជាមានប្រជាពលរដ្ឋទៅរស់នៅច្រើន វានឹងមានតម្រូវការផ្លូវ ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត អ្នកអភិវឌ្ឍន៍ក៏ទន្ទឹងរង់ចាំពីគម្រោងសាងសង់ស្ពានឆ្លងទន្លេទៅកាន់តំបន់អរិយក្សត្រផងដែរ ។
កាលពីពេលថ្មីៗនេះ
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានបង្ហើបពីទីតាំងដែលត្រូវសាងសង់ស្ពានឆ្លងពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ ដែលស្ពាននេះនឹងត្រូវសាងសង់ឡើងដោយជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង ។
លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គីក៏បានឱ្យដឹងថា បើសិនជាស្ពាននេះលេចជារូបរាង សកម្មភាពវិនិយោគនៅក្នុងតំបន់អរិយក្សត្រនឹងមានកំណើនខ្ពស់ជាបន្តបន្ទាប់ហើយគម្រោងជាច្រើនដែលបានគ្រោងនៅក្នុងតំបន់នោះ ក៏នឹងចាប់ផ្ដើមដូចគ្នាផងដែរ ៕
No comments:
Post a Comment