ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១កុម្ភៈ២០២២នេះ លោកTakahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថាខ្លួននឹងដឹកនាំវិនិយោកិនសហគ្រាសធុនមធ្យមជប៉ុនមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគនានានៅកម្ពុជា។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានស្វាគមន៍និងត្រៀមទទួលវិនិយោគិនមកពីជប៉ុន ដើម្បីសិក្សាលើសក្ដានុពលនានានៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកអ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យដឹងក្រោយបញ្ចប់ការសន្ទនាថាប្រធានសមាគមជប៉ុន-កម្ពុជា បានអបអរសាទរនិងបានគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចតេជោ ដើម្បីនាំប្រតិភូក្រុមអ្នកវិនិយោគសហគ្រាសធុនមធ្យមមកកាន់ព្រះរាជាណាចក្រកម្ពុជា នាខែមេសាខាងមុខ។
ជាមួយនោះដែរ ប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានគោរពស្នើសុំប្រគល់ទីតាំងដីមួយកន្លែង ជូនចំពោះសម្តេចតេជោ ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថា សួនភីខេអូ (PKO Peace- keeping Operation)។
នៅថ្ងៃនេះដូចគ្នា លោកតាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា(JCA) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KEI CO.,LTD បានជួបជាមួយអភិបាលខេត្តបន្ទាយមានជ័យ និងបានបញ្ជាក់ថាខ្លួននឹងដឹកនាំប្រតិភូវិនិយោគិនជប៉ុនទៅសិក្សាសក្ដានុពលវិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ ខណៈនៅក្នុងខេត្តនេះ ក៏មានវិនិយោគិនជប៉ុនមួយចំនួនកំពុងវិនិយោគស្រាប់។
អ្នកវិនិយោគក្នុងស្រុកក៏បានបញ្ជាក់ផងដែរថា ជប៉ុនជាវិនិយោគិនមួយដែលស្មោះត្រង់ហើយប្រទេសនានាតែងតែចង់វិនិយោគិនជប៉ុនទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសរបស់ពួកគេ ហើយគម្រោងវិនិយោគជប៉ុននៅកម្ពុជាភាគច្រើនមិនមានការគាំងដំណើរការទេ និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋកម្ពុជា ដូចជាគម្រោងផ្សារទំនើបអ៊ីអន គម្រោងលំនៅឋាន និងហិរញ្ញវត្ថុជាដើម៕
No comments:
Post a Comment