ដោយ៖ សុខុម

ហាណូយ: លោក Lại Xuân Thanh ប្រធានក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម (Airports Corporation of Việt Nam) ហៅកាត់ ACV បានប្រាប់កាសែត Giao thông ថា ដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh តម្លៃ១៦,៣ពាន់លានដុល្លារអាមេរិក ពេលនេះត្រូវបានរំពឹងថានឹងបញ្ចប់មុនផែនការកំណត់៣ខែ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃពុធ ទី២៣ កុម្ភៈ នេះឱ្យដឹងថា ការបញ្ចប់មុនផែនការនេះ ដោយសារនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính បានចាត់វិធានការពន្លឿនគម្រោងអាកាសយានដ្ឋាននៅខេត្ត Đồng Nai ភាគខាងត្បូងនេះក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីតាំងគម្រោងកាលពីសប្តាហ៍មុន។

ក្រុមហ៊ុនសាជីវកម្ម ACV គឺជាអ្នកវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិមួយនេះដែលមានសារៈសំខាន់ខ្លាំងមិនត្រឹមតែសម្រាប់វិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិផងដែរ។

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៃអាកាសយានដ្ឋាននេះត្រូវបានរំពឹងថានឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ចំណែកឯការសាងសង់ស្ថានីយចំណត (Terminal) នៃអាកាសយានដ្ឋាននេះនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។

បន្ទាប់ពីអ្វីៗត្រូវបានតភ្ជាប់សព្វគ្រប់ គឺដល់ពេលដែលត្រូវដាក់ឱ្យដំណើរការសាកល្បង។ ហើយកិច្ចការតភ្ជាប់នេះអាចនឹងប្រើពេលចន្លោះពី៣ខែដល់៦ខែ។

ដូចនេះ ដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋាននេះនឹងត្រូវបញ្ចប់ស្របនឹងខួបអនុស្សាវរីយ៍លើកទី៨០ នៃទិវាបុណ្យជាតិនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ដែលលឿនជាងការគ្រោងទុក៣ខែ៕