ដោយៈសុខុម
អន្តរជាតិ: សារព័ត៌មាន Asia Markets បានទម្លាយឱ្យដឹងកាលពីពុធ ទី២៣កុម្ភៈ ថា ពេលនេះក្រុមនាយក នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន ដែលសម្បូររឿងអាស្រូវ China Evergrande កំពុងទទួលរងពាក្យបណ្ដឹងបទព្រហ្មទណ្ឌ។

លោកបណ្ឌិត Marco Metzler ដែលជាអ្នកវិភាគវាយតម្លៃឥណទាន និងជាម្ចាស់បំណុលរបស់ក្រុមហ៊ុន Evergrande កំពុងចោទប្រកាន់ក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុត របស់ប្រទេសចិន ជាមួយនឹងបំណុល រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក មួយនេះថា បានប្រព្រឹត្តអំពើក្លែងបន្លំជុំវិញការក្ស័យធន តាមរយៈឯកសារដែលបានដាក់ជូន នាយកកិច្ចការអយ្យការនៅកោះ Cayman Islands នៃប្រទេសអង់គ្លេស។
បណ្ឌិតរូបនេះអះអាងថា "ក្រុមហ៊ុននេះ បានខកខានសងបំណុលតាមពេលវេលាកំណត់កាលពីខែធ្នូ ប៉ុន្តែក្រុមនាយកនៃក្រុមហ៊ុននេះមិនបានដាក់ពាក្យសុំក្ស័យធននៅកោះ Cayman Islands ជាកន្លែងដែលក្រុមហ៊ុនរបស់ខ្ញុំ មានការិយាល័យកណ្ដាលនៅទីនោះឡើយ"។ លោក បន្ថែមថា "ដូចនេះ ពួកគេបានបំពានលើកាតព្វកិច្ចរបស់ខ្លួន ហើយទង្វើបែបនេះ គឺជាបទល្មើសព្រហ្មទណ្ឌនៅកោះ Cayman Islands។ យើងបានរាយការណ៍រឿងនេះ ទៅព្រះរាជអាជ្ញាឱ្យបើកការស៊ើបអង្កេតហើយ"។
លោកប្រាប់ថា មូលហេតុដែលលោកធ្វើបែបនេះ គឺដើម្បីឱ្យប្រាកដថា ក្រុមហ៊ុន Evergrande ត្រូវបានប្រកាសក្ស័យធន និងធ្លាក់ចូលក្នុងស្ថានភាពខកខានសងបំណុលជាផ្លូវការ ដូចការវាយតម្លៃរបស់បណ្ដាទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពបំណុល។
លោកបានបន្តថា "សង្ឃឹមថាយើងនឹងបញ្ចប់រឿងនេះ ហើយខ្ញុំប្តេជ្ញាធ្វើរឿងនេះ ឱ្យខាងតែបាន។ រឿងនេះត្រូវការពេលវេលា ហើយដើម្បីឱ្យតុលាកាសសម្រេចប្រកាស ដាក់ក្រុមហ៊ុននេះក្ស័យធន អាចនឹងត្រូវការពេលពី៣ទៅ ៤សប្ដាហ៍ទៀត"។

លោកបណ្ឌិត Marco Metzler តែងតែរិះគន់ក្រុមហ៊ុន Evergrande ដោយមិនសំចៃមាត់ ចាប់តាំងពីវិបត្តិរបស់ក្រុមហ៊ុននេះ ត្រូវបានសារព័ត៌មានចុះផ្សាយព្រោព្រាត ល្បីសុសសាយពេញពិភពលោក ក្នុងឆ្នាំ២០២១កន្លងមក៕ Asia Markets៕
No comments:
Post a Comment