ដោយ៖ សុខុម

ហុងកុង: ភាគហ៊ុនអាស៊ីបានហក់ឡើងខ្ពស់នៅថ្ងៃអង្គារ ទី៤ មករា នេះ បន្ទាប់ពីសង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញរបស់ពិភពលោក Wall Street បានហក់ឡើងខ្ពស់មិនធ្លាប់មាននៅថ្ងៃជួញដូរដំបូងរបស់ខ្លួននាដើមឆ្នាំ២០២២ ទោះបីជាមានក្ដីបារម្ភថា ការរីករាលដាលវីរុសបំប្លែងខ្លួនថ្មី "អូមីក្រុង" អាចធ្វើឱ្យរាំងស្ទះដល់ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្ដី។

យោងតាមភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា សន្ទស្សន៍ផ្សារភាគហ៊ុន MSCI ដែលធំបំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង០,៦៧%នៅក្នុងការជួញដូរពេលព្រឹកនេះ។

ទន្ទឹមនេះ សន្ទស្សន៍ផ្សារភាគហ៊ុនអូស្ត្រាលី S&P/ASX 200 បានហក់ឡើង១,១៥%ដែលជំរុញដោយភាគហ៊ុនថាមពល និងភាគហ៊ុនរ៉ែ ខណៈផ្សារភាគហ៊ុនជប៉ុន Nikkei 225 បានហក់ឡើង១,២៥%។

ងាកទៅសន្ទស្សន៍ផ្សារភាគហ៊ុនហុងកុង Hang Seng ឯណោះវិញបានហក់ឡើង០,៥% ខណៈសន្ទស្សន៍ផ្សារភាគហ៊ុនចិនដីគោក CSI300 បានបើកឡើង០,២៥%។

ដោយឡែក សន្ទស្សន៍ផ្សារភាគហ៊ុនធំដ៏ល្បីល្បាញរបស់ពិភពលោក Wall Street នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃច័ន្ទ ទី៣ មករា ទោះបីជាវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង បានជំរុញឱ្យករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ជាថ្មីនៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះយ៉ាងណាក្ដី។

សន្ទស្សន៍ផ្សារភាគហ៊ុនអាមេរិក ដូចជា Dow Jones Industrial Average បានហក់ឡើង០,៦៨% ផ្សារភាគហ៊ុន S&P 500 បានហក់ឡើង០,៦៤% ហើយផ្សារភាគហ៊ុន Nasdaq Composite បានហក់ឡើង១,២%។

កាលពីថ្ងៃច័ន្ទ ទី៣ មករា ក្រុមហ៊ុនអាមេរិក Apple Inc បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រវត្តិសាស្ត្រពិភពលោកដែលមានតម្លៃលើទីផ្សាររហូតដល់ទៅ៣ទ្រីលានដុល្លារ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Tesla Inc បានហក់ឡើងខ្ពស់រហូតដល់ទៅជាង១៣,៥% បន្ទាប់ពីការចែកចាយរថយន្តអគ្គិសនីប្រចាំត្រីមាសរបស់ខ្លួនកើនឡើងខ្លាំងលើសពីការរំពឹងទុក។

សន្ទស្សន៍ផ្សារភាគហ៊ុនអាមេរិក S&P 500 បានហក់ឡើងជិត២៨%កាលពីឆ្នាំ២០២១ ដែលជំរុញឱ្យសន្ទស្សន៍ផ្សារភាគហ៊ុនអាស៊ី-ប៉ាស៊ីហ្វិក MSCI ដែលគ្របដណ្ដប់លើប្រទេសចំនួន៥០ ហក់ឡើង២ខ្ទង់រយៈពេល៣ឆ្នាំជាប់ៗគ្នា៕