ដោយ: ម៉ាលីស
ភ្នំពេញៈ តើរដ្ឋាភិបាលនិងអភិវឌ្ឍន៍ ឬពង្រីកទីក្រុងឆ្ពោះទៅជ្រុងខាងណា ឬក៏អភិវឌ្ឍន៍គ្រប់ជ្រុង? ពិតណាស់មុននឹងអនុម័តលើគម្រោងប្លង់មេ ពង្រីកទីក្រុងឆ្ពោះទៅទិសខាងណានោះ រដ្ឋាភិបាលតែងតែសិក្សាស្រាវជ្រាវ វិភាគ យ៉ាងយកចិត្តទុកដាក់ល្អិតល្អន់បំផុត ចៀសវាង ទីក្រុងលិចទឹក ទីក្រុងគ្មានទឹក ទឹកជំនន់ សណ្ឋានដីមិនល្អ បញ្ហាទឹកសមុទ្រឡើង និងផលវិបាកផ្សេងៗ ដែលអាចនឹងកើតមានឡើង។
យោងតាមប្រវត្តិសាស្ត្រ នៃការផ្លាស់ប្ដូរទីក្រុងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកយើងសង្កេតឃើញថា ក្រៅអំពីបញ្ហាសង្រ្គាម អ្នកដឹកនាំតែងតែផ្លាស់ប្ដូរទីក្រុងញឹកញាប់គឺដោយសារ"បញ្ហាទឹកជំនន់លិចលង់ទីក្រុង" ជាមូលហេតុភាគច្រើនជាងគេ។
ខាងក្រោមនេះគឺជាចំណុចសំខាន់មួយចំនួន ដែលត្រូវបានគេលើកយកមកវិភាគពិចារណា ក្នុងការសម្រេចជ្រើសរើសទិសដៅដែលត្រូវពង្រីកទីក្រុងរួមមាន:
-ទីតាំងភូមិសាស្រ្ត
ទីក្រុងត្រូវស្ថិតនៅលើទឹក រឺលើផ្លូវទឹកដូចជាស្ទឹង ទន្លេ បឹង រឺអូរជាដើម។ យើងដឹងហើយថាទីក្រុងគឺជាកន្លែងបណ្ដំ មនុស្សច្រើនជាងគេ។ មនុស្សត្រូវការប្រើប្រាស់ទឹក ជាចាំបាច់ដូច្នេះទីក្រុង ត្រូវតែមានប្រភពទឹក។ ក្រោយពីប្រើប្រាស់ទឹកហើយគេត្រូវបង្ហូរទឹកចោល ទីក្រុងត្រូវតែមានផ្លូវបង្ហូរទឹកចោល ដូច្នេះទីក្រុងត្រូវតែស្ថិតនៅទីខ្ពស់ដើម្បីលំហូរទឹកអាចហូរធ្លាក់មកក្រោមបានស្រួល។
-ទិសដៅចាកចេញពីតតំបន់សមុទ្រ
ក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ឃើញថា ក្នុងរយៈពេល៥០ឆ្នាំអាកាសធាតុកើនកំដៅ២០អង្សារសេ ដែលជាហេតុធ្វើឲ្យទឹកកករលាយ ហើយធ្វើឲ្យទឹកសមុទ្រកើនឡើងខ្ពស់ជារៀងរាល់ឆ្នាំ។ ដូច្នេះគេមិនត្រូវអភិវឌ្ឍទីក្រុង ឆ្ពោះទៅរកសមុទ្រទេ ផ្ទុយទៅវិញ គេអភិវឌ្ឍទីក្រុងប្រាសចាកពីទិសដៅកើនឡើងនៃទឹកសមុទ្រ ដើម្បីជៀសវាងការលិចលង់ដោយសារទឹកសមុទ្រ។
-ជៀសចេញពីប្រធានស័ក
ប្រធានស័ក ដែលអាចនឹងកើតឡើងមាន ដូចជា បន្ទុះភ្នំភ្លើង បំណាក់ស្រុត ពំនើងផ្នត់ និងរញ្ជួយដី ខ្យល់ព្យុះ។ គេមិនចង់ជួបបញ្ហាទាំងអស់នេះទេ គឺគេត្រូវការទីក្រុងមួយដែលពោរពេញទៅដោយសុវត្ថិភាពយូរអង្វែង។
-ការតភ្ជាប់តំបន់ផ្សេងៗ
ទីក្រុងតែងតែភ្ជាប់ទៅនឹងតំបន់ ដែលមានទំនាក់ទំនងផ្សេងៗ ដូចជាតំបន់ទេសចរណ៍ តំបន់វប្បធម៌ តំបន់អាកាសចរណ៍ តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្ម ។ ការពង្រីកទីក្រុងទៅកាន់ទិសដៅទាំងអស់នេះ ផ្តល់ផលចំណេញ ក្នុងការតភ្ជាប់ប្រពន្ធ័បណ្ដាញផ្លូវភ្លើង ទឹក និងផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកសេវាសាធារណៈផងដែរ។
-ការគេចចេញពីតំបន់មួយចំនួន
ទីក្រុងត្រូវតែពង្រីកទំហំ ឬទិសដៅចាកចេញពីតំបន់មួយចំនួន ដូចជាតំបន់សង្គ្រាម តំបន់មូលដ្ឋានសឹក តំបន់រោងចក្រថាមពលនុយក្លេអ៊ែរ តំបន់ពន្ធនាគារ តំបន់វាលរហោឋាន តំបន់វាលខ្មោច តំបន់អភិវឌ្ឍន៍ឬតំបន់ដែលច្បាប់ហាមឃាត់៕
No comments:
Post a Comment