ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ការវិនិយោគវិស័យអចលនទ្រព្យត្រូវបានចាត់ទុកថាជាការវិនិយោគដែលមានហានិភ័យទាបមួយ ក៏ប៉ុន្តែមុននឹងបណ្ដាក់ទុនលើវិស័យនេះ វិនិយោគិនគួរមានចំណេះដឹង ជំនាញ មួយចំនួនខ្លះៗដែរ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាមួយរូបបានបង្ហាញពីគន្លឹះមួយចំនួនដល់បណ្ដាវិនិយោគិន មុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងវិស័យនេះ។
លោក ឈុន សម្ផស្ស នាយកប្រតិបត្តិក្រុមហ៊ុន Century 21 The Premium Realty បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីឱ្យការវិនិយោគអចលនទ្រព្យប្រកបដោយភាពរលូននិងមិនមានហានិភ័យខ្ពស់ មុនដំបូងគឺត្រូវវិនិយោគទៅលើខ្លួនឯងជាមុនសិន ពោលគឺត្រូវមានចំណេះដឹងលើវិស័យអចលនទ្រព្យ ដោយសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យពីស្ថាប័នជំនាញ។
លោកបន្តថា ការវិនិយោគអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្នកំពុងពេញនិយមខ្លាំងណាស់ ដោយមានអ្នកចូលរួមវិនិយោគលើវិស័យនេះច្រើន ក៏ប៉ុន្តែអ្នកខ្លះក៏ទទួលបានជោគជ័យ អ្នកខ្លះទៀតក៏បរាជ័យ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យឱ្យនៅទាប អ្នកវិនិយោគត្រូវធ្វើឡើងទៅតាមកម្រិតនិងកុំហក់លោតពេក។ ធ្វើបែបនេះ វាហាក់ដូចជាការទទួលចំណេះដឹងផងនិងចាប់ផ្ដើមវិនិយោគផង។ នៅពេលដែលមានបទពិសោធន៍ហើយ យើងអាចចាប់ផ្ដើមវិនិយោគគម្រោងធំៗបានទៅតាមចំណេះដឹង ជំនាញ និងសមត្ថភាពរបស់យើង។
លោកបន្ថែមថា ការវិនិយោគអចលនទ្រព្យមិនចាំបាច់ទាល់តែមានទុនច្រើន ទុនគ្រប់គ្រាន់នោះទេ យើងអាចវិនិយោគរួមហ៊ុន ដោយចូលហ៊ុនគ្នា ក៏ប៉ុន្តែយើងក៏ត្រូវតែប្រុងប្រយ័ត្នចំពោះការវិនិយោគរួមហ៊ុននេះដែរ ដោយជជែកច្បាស់លាស់ជាមួយដៃគូវិនិយោគទាំងអស់ មុននឹងសម្រេចបណ្ដាក់ទុនវិនិយោគលើគម្រោងណាមួយ។
តាមរយៈសៀវភៅគន្លឹះសំខាន់ៗសម្រាប់ភ្នាក់ងារអចលនទ្រព្យ លោក ម៉ាន់ ច័ន្ទឌី បានបញ្ជាក់ថា ការប្រឡូកក្នុងវិស័យអចលនទ្រព្យ គឺត្រូវដាក់ចិត្ត ដាក់កាយ និងយកចិត្តទុកដាក់លើវាឱ្យបានច្រើន ហើយមិនត្រូវគិតពីពេលវេលាថ្ងៃឈប់សម្រាកនោះឡើយ។ បើពុំនោះទេវានឹងធ្វើឱ្យយើងខាតទាំងពេលវេលា និងបាត់បង់ចំណូលផងដែរ។
កំណើននៃការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជារយៈពេលប៉ុន្មានឆ្នាំនេះហាក់កើនឡើងជាបន្តបន្ទាប់ ទាំងការវិនិយោគពីវិនិយោគិនក្នុងស្រុក និងវិនិយោគក្រៅប្រទេស ក្នុងនោះមានទាំងនៅរាជធានីភ្នំពេញនិងបណ្ដាខេត្តសក្ដានុពលជាច្រើនទៀត។ បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្តី សកម្មភាពវិនិយោគអចលនទ្រព្យនៅតែមានដដែល គ្រាន់តែល្បឿននៃការវិនិយោគមានការថមថយជាងមុនវិបត្តិ៕
No comments:
Post a Comment