ដោយ៖ សុផារី

សៀមរាប៖ ក្នុងសេចក្ដីព្រាងផែនការមេចង្អុលផ្លូវ ដែលជាការសិក្សាមូលដ្ឋាន សម្រាប់បង្កើតទីក្រុងឆ្លាតវៃ ក្រុងសៀមរាប បានមកដល់ដំណាក់កាលចុងក្រោយហើយ ទន្ទឹមនោះគ្រោងបន្ទាប់ដែលជាជំហានទី២ នឹងអនុវត្តនៅខែមេសា ឆ្នាំ២០២២ ខាងមុខ។

នេះបើតាមកិច្ចប្រជុំពិភាក្សា និងអនុម័ត ក្រោមវត្តមានលោក ទៀ សីហា អភិបាលខេត្តសៀមរាប អ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA និងទីប្រឹក្សា និងជាអ្នកតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ហៅកាត់ថា MLIT ព្រមទាំងមានការចូលរួមដោយក្រុមអ្នកជំនាញ និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៃភាគីទាំងពីរ តាមរយ:កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

លោក ទៀ សីហា លើកឡើងថា តាមរយ:កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋបាលខេត្ត និងភាគីជប៉ុន រយ:ពេលជិត២ឆ្នាំកន្លងមកនេះ ក្រុមការងារជំនាញរបស់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត របស់កម្ពុជា ក៏ដូចជាក្រុមការងាររបស់ JICA បានសិក្សាលើការងារបច្ចេកទេស និងប្រមូលទិន្នន័យ ដែលឈានសម្រេចបាននូវលទ្ធផលដ៏គួរជាទីមោទននេះ។ ទន្ទឹមនោះ ក្រោមការគាំទ្រ ពី MLIT របស់ប្រទេសជប៉ុន ក្រុមអ្នកជំនាញ បាននឹងកំពុងសិក្សាលើគម្រោង SMART JAMP ដែលជាមជ្ឈមណ្ឌលរក្សាទិន្នន័យអំពីទីក្រុងឆ្លាតវៃ ដើម្បីធ្វើការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព រួមនឹងគម្រោងឆ្លាតវៃដទៃទៀតផងដែរ។

លោកស្រី អាសុកា សុកាបូអ៊ីគី (Asuka Suboike) អ្នកតំណាង JICA គូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺជាកិច្ចប្រជុំរបស់គណ:កម្មាធិការទីក្រុងវៃឆ្លាតលើកទី៦ នៃគម្រោងទីក្រុងវៃឆ្លាតខេត្តសៀមរាប របស់JICA និងជាកិច្ចប្រជុំរួម លើកទី២ របស់គណ:កម្មាធិការ នៃគម្រោង SMART JAMP របស់ MLIT ប្រទេសជប៉ុន។ កិច្ចប្រជុំនេះក៏នឹងសុំការអនុម័តលើផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃសៀមរាប ដែលបានមកដល់ដំណាក់កាលចុងក្រោយ នឹងត្រូវបញ្ចប់នៅក្នុងមីនា ឆ្នាំ២០២២ ហើយជំនួសមកវិញនូវគម្រោងទី២ ដែលជាកិច្ចសហប្រតិបត្តិការបច្ចេកទេស បានចុះហត្ថលេខាបន្តគម្រោងជាមួយអ្នកតំណាង JICA កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ។

គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប មានទិសដៅឆ្ពោះទៅបង្កើតទីក្រុងប្រកបដោយចីរភាពមួយ ដែលមានផាសុខភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋ និងទីក្រុងដ៏ទាក់ទាញ ដែលទទួលបានការពេញនិយមខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងមោទនភាពនៃទីក្រុងបេតិកភណ្ឌ និងទេសចរណ៍អន្តរជាតិ៕