ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលបានចំណូលចូលថវិកាជាតិមានចំនួន ៤៧២ ០៦៩ លានរៀល (ប្រមាណ១១៨លានដុល្លារអាមេរិក) ដែលចំណូលនេះនឹងចូលរួមចំណែកដល់ការចំណាយរបស់រាជរដ្ឋាភិបាល ក្នុងកំឡុងវិបត្តិកូវីដ១៩។ នេះបើតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សម្រាប់ឆ្នាំ២០២១។

ក្នុងរបាយការណ៍បង្ហាញថា ចំណូលដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានក្នុងឆ្នាំ២០២១នេះ មានការថយចុះប្រមាណ១,៦២ភាគរយបើធៀបនឹងឆ្នាំ២០២០កន្លងទៅ។ ក្នុងនោះដែរ ចំណូលពីរដ្ឋបាលកណ្ដាលមាន១៣ ៦០៣ ២២៩ ៨០១លានរៀល (ប្រមាណ៣,៤លានដុល្លាអាមេរិក) ក្នុងនោះមានចំណូលពីសេវាសំណង់ទូទៅមានចំនួន១១ ៥២២លានរៀល ចំណូលបានមកពីសេវាសំណង់លើសសន្ទស្សន៍មានចំនួន២០៥០លានរៀល ចំណូលបានមកពីសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកមានជិត៨លានរៀល ចំណូលពីការជួសជុលអចលនវត្ថុមានចំនួន២២,៥លានរៀល។

ចំណែកចំណូលរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់រាជធានី ខេត្ត មាន៤៥៨.៤៦៦លានរៀល (ប្រមាណ១១៤លានដុល្លារអាមេរិក) ក្នុងនោះសេវាសុរិយោដី មាន៦០ពាន់លានរៀល ប្រមាណ១៥លានដុល្លារអាមេរិក សេវាសំណង់ទូទៅមាន៣២ពាន់លានរៀល ប្រមាណ៨លានដុល្លារអាមេរិក និងពន្ធប្រថាប់ត្រាពីអគ្គនាយកដ្ឋានពន្ធដារមានចំនួន៣៦៥,៥៩ពាន់លានរៀល ឬប្រមាណ៩១លានដុល្លារអាមេរិក។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ ទោះបីកម្ពុជាស្ថិតនៅក្នុងបរិការណ៍នៃការរាតត្បាតរបស់ជំងឺកូវីដ១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតែបានបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ដែលជារបៀបវារៈអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជារបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗថ្មីៗជាច្រើនលើការងារកសាងផែនការរូបវ័ន្តក្នុងចក្ខុវិស័យនៃការរៀបចំដែនដីនិងនគរូបនីយកម្មគ្រប់កម្រិត ការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រជាដើម។

លោកបន្តថា ការចូលរួមបង្កើតបាននូវចលករនិងបរិយាកាសល្អប្រសើរសម្រាប់ធុរកិច្ចនិងការវិនិយោគ ពង្រឹងភាពសុខដុមរមនាក្នុងសង្គម និងជំរុញបង្កើនចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្របានផងដែរ៕