ដោយៈសុខុម
ប៉េកាំង: វិបត្តិទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន កាន់តែធ្ងន់ធ្ងរទៅៗក្នុងខែវិច្ឆិកា ដោយទាំងផ្ទះថ្មី និងផ្ទះលក់ចេញបន្តបានធ្លាក់ថ្លៃទាំងអស់ ស្របពេលតម្រូវការលំនៅដ្ឋានធ្លាក់ចុះក្នុងទីក្រុងធំៗ។ នេះបើយោងតាមការស្ទង់មតិក្នុងវិស័យឯកជន ដែលបានបង្ហាញនៅថ្ងៃពុធ ទី០១ ធ្នូ នេះ។
វិស័យអចលនទ្រព្យដែលគ្របដណ្ដប់ រហូតដល់ទៅ១ភាគ៤នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោយរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការក្ដៅដើម្បីរឹតបន្តឹងលើវិស័យនេះ និងក្រោយការផ្ទុះវិបត្តិសាច់ប្រាក់ ដែលរីកកាន់តែធំក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ ដែលជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសនេះ ដូចជា ក្រុមហ៊ុន Evergrande ជាដើម។
យោងតាមទិន្នន័យពី China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយ របស់ប្រទេសចិនបានបង្ហាញថា តម្លៃផ្ទះថ្មីក្នុងទីក្រុងចំនួន១០០បានធ្លាក់ចុះ០,០៤%ក្នុងខែវិច្ឆិកា បើធៀបនឹងកំណើន០,០៩%ក្នុងខែតុលា។
នេះគឺជាការធ្លាក់ចុះលើកដំបូង នៅក្នុងការស្ទង់មតិចាប់តាំងពីឆ្នាំ២០១៥ មក ដែលលើកលែងតែការធ្លាក់ចុះ០,២៤%ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ព្រោះនោះជាពេលផ្ទុះការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ខ្លាំងបំផុតនៅក្នុងប្រទេសចិន។
ក្នុងចំណោមទីក្រុងចំនួន១០០ មានតែ៣០%ប៉ុណ្ណោះ ដែលបានរាយការណ៍ពីការហក់ឡើងថ្លៃប្រចាំខែសម្រាប់ផ្ទះថ្មី។
តម្លៃក្នុងទីផ្សារផ្ទះលក់ចេញបន្ត បានធ្លាក់ចុះ០,០៨% ក្រោយពីធ្លាក់ចុះ០,០៤%ក្នុងខែតុលា។
ទិន្នន័យផ្លូវការសម្រាប់ខែតុលា បានបង្ហាញពីការធ្លាក់ចុះតម្លៃក្នុងខែនោះ សម្រាប់ផ្ទះថ្មី ដែលជាការធ្លាក់ចុះលើកដំបូង ចាប់តាំងពីខែមីនា ឆ្នាំ២០១៥ ចំណែកឯតម្លៃសម្រាប់ផ្ទះលក់ចេញ បន្តក៏បានធ្លាក់ចុះក្នុងទីក្រុងភាគច្រើន ហើយការចាប់ផ្ដើមដំណើរការសាងសង់ក៏ធ្លាក់ចុះ។
ក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ Oxford Economics បានបង្ហាញក្ដីរំពឹងរបស់ខ្លួនថា ការធ្លាក់ចុះ ក្នុងអចលនទ្រព្យប្រទេសចិន នឹងបន្តរហូតដល់ពាក់កណ្ដាលឆ្នាំ២០២២៕ Reuters៕
No comments:
Post a Comment