ដោយៈជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ ក្រសួងនឹងរៀបចំចេញជាផែនទីបណ្ដាញផ្លូវ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើការព្រាងចុងក្រោយផែនទីបណ្តាញផ្លូវថ្នល់ ឆ្នាំ ២០២០ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ឱ្យដឹងថា អង្គប្រជុំបានផ្តោតការពិភាក្សាលើការពិនិត្យឡើងវិញ និងកែសម្រួលសេចក្តីព្រាង បញ្ជីសារពើភណ្ឌផ្លូវថ្នល់រួម ក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង ដើម្បីបំពេញបន្ថែមចំណុចខ្វះខាត តាមការលើកឡើងរបស់ភាគីពាក់ព័ន្ធ ការបែងចែកខ្សែផ្លូវតាមតំបន់ ស្របតាមស្តង់ដាដែលបានកំណត់ និងការដាក់បញ្ចូលខ្សែផ្លូវ និងលេខផ្លូវទៅក្នុងបញ្ជីសារពើភណ្ឌឱ្យបានសមស្រប។
លោកថ្លែងថា "យើងពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ហើយផលិតចេញជាផែនទីឱ្យបានចប់សព្វគ្រប់ ដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាពខ្ពស់់"។
លោកលឹម ស៊ីដេនីនបានបន្តថា ផែនទីដែលនឹងត្រូវបានកំណត់គឺ ផ្លូវជាតិសំដៅដល់ផ្លូវដែលមានចរាចរណ៍ច្រើន និងមានលក្ខណៈសម្គាល់ដូចជា ផ្លូវភ្ជាប់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងនៃខេត្តនីមួយៗ នៅទូទាំងប្រទេស ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយទៀត ផ្លូវភ្ជាប់ចេញពីផ្លូវជាតិឆ្ពោះទៅកាន់ផ្លូវជាតិ ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយ ផ្លូវបែកចេញពីផ្លូវជាតិ ឬផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់តំបន់សំខាន់ៗ ដូចជា កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់មានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត និងផ្លូវសំខាន់ៗរបស់ជាតិមានចរាចរណ៍ច្រើនដែលកំណត់ដោយរាជរដ្ឋាភិបាល តាមសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវខេត្តសំដៅដល់ផ្លូវដែលត្រូវបានកំណត់ដូចជា ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវខេត្ត ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុងឆ្ពោះទៅកាន់ទីរួមស្រុកខណ្ឌ ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់ផ្លូវខេត្តផ្លូវបែកចេញពីផ្លូវខេត្តឆ្ពោះទៅកាន់ផ្លូវខេត្ត និងផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឬផ្លូវទីប្រជុំជននានាក្នុងខេត្តទៅកាន់តំបន់សំខាន់ៗដូចជា កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋាន ទេសចរណ៍ ច្រកទ្វារព្រំដែនទ្វេភាគី តំបន់មានសក្តានុពលសេដ្ឋកិច្ចមធ្យមផ្សេងទៀត៕
No comments:
Post a Comment