ដោយៈវឌ្ឈនៈ

ភ្នំពេញៈ គម្រោងចំណាយប្រាក់ចំនួន៨,៥ពាន់លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវរដ្ឋសភាជាតិយល់ព្រមនិងសម្រេចអនុម័តជាឯកច្ឆន្ទរួចហើយ ។ នេះបើតាមលទ្ធភាពកិច្ចប្រជុំរបស់រដ្ឋសភានៅថ្ងៃទី២៥ វិច្ឆិកា២០២១នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជាឱ្យដឹងថា អង្គរដ្ឋសភាចំនួន៩៩រូប នៅក្នុងសម័យប្រជុំពេញដឹក នាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា យល់ឃើញថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ២០២២របស់រាជរដ្ឋាភិបាល ក្នុងគម្រោងចំណាយដែលមានការកើនឡើង៨,៤ ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១នេះ គឺមានលក្ខណៈសមស្រប ទៅនឹងបរិការណ៍នាពេ​លបច្ចុប្បន្ន ដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផង និងធ្វើការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ទៅលើគ្រប់វិស័យ នៃជំងឺរាតត្បាតសកលនេះផង។

ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានរាជរដ្ឋាភិបាលស្នើក្នុងគម្រោងចំណាយចំនួន៣៤,៧ទ្រីលានរៀល ដែលត្រូវជា២៧,៩៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដោយកើនឡើង៨,៤ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។ ជាមួយគ្នានេះរដ្ឋាភិបាលក៏បានកំណត់ទំហំ នៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត១.៦០០ លានSDR ឬត្រូវជាប្រមាណជា២.២០០ លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់លើការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើង វិញពីផលប៉ះពាល់នៃជំងឺកូវីដ១៩។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន ប្រសាសន៍ថា ថវិកាជាតិឆ្នាំ២០២២ ត្រូវបានរៀបចំ និងវិភាជសម្រាប់ការអនុវត្តន៍សកម្មភាពជាអាទិភាពដូចជា ការទប់ទល់នឹងការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ ផ្តល់លទ្ធភាពឱ្យប្រជាជនទទួលបានប្រាក់ ចំណូលខ្ពស់ឡើងវិញនិងជំរុញ បង្កើនចំណូលថវិកាជាតិ ការបន្តអភិវឌ្ឍន៍ធន ធានមនុស្ស ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបន្តអភិវឌ្ឍន៍និងបង្កើនតម្លៃ បន្ថែមនៃវិស័យកសិកម្ម។

ការកសាងប្រព័ន្ធគាំពារសង្គមរឹង មាំនិងប្រព័ន្ធសុខាភិបាល ប្រកបដោយគុណភាពនិងមានភាពឆ្លើយតបខ្ពស់ជាដើម។ ជាមួយគ្នានេះ ក៏ដើម្បីបន្តធានាបាននូវការបើកផ្តល់បៀវត្សរ៍ បស់មន្ត្រីរាជការឱ្យទាន់ពេលវេលា គឺ២ដងក្នុង១ខែ ដោយមិនមានការកាត់ប្រាក់បៀវត្សរបស់មន្ត្រីរាជការគ្រប់ប្រភេទ ខណៈកម្រិតប្រាក់បៀវត្សអប្បបរមាឆ្នាំ ២០២២សម្រាប់មន្ត្រីរាជការស៊ីវិល ត្រូវបានរក្សាជាង ១,១៧ម៉ឺនរៀល បៀវត្សគ្រូបង្រៀននិងគ្រូពេទ្យ រក្សាស្មើនឹងប្រមាណ១លាន២៧ម៉ឺនរៀល និងបៀវត្សនគរបាលរក្សាទាបបំផុតចាប់ពី ១លាន១២ម៉ឺនរៀលឡើងទៅ៕