ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ផែនការពង្រីកក្រុងរបស់រាជរដ្ឋាភិបាលបាន និងកំពុងរំកិលទៅមុខជាបន្តបន្ទាប់ ហើយជាការអនុវត្តន៍ជាក់ស្ដែង យើងក៏បានមើលឃើញថារាជធានីភ្នំពេញ កាន់តែមានការរីកសាយភាយជាបន្តបន្ទាប់ ខណៈចំនួនប្រជាពលរដ្ឋចូលមករស់នៅទីក្រុងភ្នំពេញ​មានការរំពឹងថានឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥។

តំបន់ធ្លាប់ស្ថិតនៅជាយក្រុងនាពេលកន្លងទៅ បានក្លាយជាទីប្រជុំជន ប្រជុំដោយបុរីលំនៅឋាន និងផ្សារទំនើប តំបន់ឧស្សាហកម្ម ។ ដូច្នេះ គម្រោងផែនការពង្រីករាជធានីភ្នំពេញបន្តបន្ទាប់ទៀត តើអ្នកវិនិយោគគួរតែត្រៀមអ្វីខ្លះ ដើម្បីទទួលផលពីការពង្រីករាជធានីរបស់រដ្ឋាភិបាល?។

បើតាមអ្វីដែលគេហទំព័រ Property Area ធ្លាប់បានសម្ភាសន៍ជាមួយនឹងអ្នកជំនា​ញ និងអ្នកវិនិយោគដែលមានបទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យក៏បានបង្ហាញទស្សនទានរបស់ខ្លួនថា អ្នកមានទុន ឬមានថវិកាគ្រប់គ្រាន់បានទិញដីនៅតំបន់ជាយៗ រាជធានីភ្នំពេញ ដើម្បីទុកចំណេញនៅពេលអនាគត ឬអាចទុកអភិវឌ្ឍន៍ដោយខ្លួនឯងនៅពេលមានការអភិវឌ្ឍទៅដល់តំបន់ដែលពួកគេបានត្រៀមនោះ។

តាមបទពិសោធន៍ជាក់ស្ដែង តំបន់នៅសង្កាត់ឃ្មួញ កាលពីមុនគឺគ្រាន់តែជាតំបន់វាលស្រែ និងមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែសម្រាប់អ្នកដែលមានចក្ខុវិស័យវែងឆ្ងាយបានទិញដីនៅតំបន់នោះទុកក្នុងតម្លៃថោកៗ ហើយក៏ទទួលបានផលត្រលប់មកវិញ ដោយដីបានឡើងថ្លៃកប់ពពក ធ្វើឱ្យពួកគេកើបលុយមកវិញយ៉ាងក្រាស់ក្រាល។

អ្នកជំនួញអចលនទ្រព្យម្នាក់ដែលលោកសុំមិនបញ្ចេញឈ្មោះ បានជជែកលេងថា កាលពីមុនដី នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ផ្លូវកប់ស្រូវ គឺជាដីស្រែ និងមិនទាន់មានផ្លូវដូចពេលនេះឡើយ ហើយម្ចាស់ដីស្រែ ចេះតែមកស្នើសុំឱ្យជួយទិញដីស្រែមួយប្លង់ៗ ត្រឹម១ជី (មាស) ២ជី ដីខ្លះ៥ជី ហើយក្នុងនោះលោកក៏ចេះតែទិញទុកទៅ ដោយមិននឹកស្មានថាដីនោះ បានហក់ឡើងខ្ពស់បែបនេះទេ ។

លោកបន្តថា "យើងបានលក់ដី ដែលបានទិញពីពលរដ្ឋអស់មួយចំនួន បានប្រាក់វិញ១លានដុល្លារ ហើយយើងក៏យកលុយនោះទៅពង្រីករបរ និងទិញដីទុកជាបន្តបន្ទាប់ទៀត"។ លោកបន្តថា "ការទិញដីដែលមិនសូវមានតម្លៃកាលពីប៉ុន្មានឆ្នាំមុននោះ បែរជាធ្វើឱ្យលោករកកំណប់ឃើញបែបនេះសោះ ដូច្នេះយើងក៏ហ៊ានអះអាង ការទិញដីទុកវាមិនអត់ប្រយោជន៍ទេ ជាពិសេសទិញដីណាដែលគេចង់លក់ឱ្យយើង ពីព្រោះគេមិនលក់ថ្លៃទេ តែបើយើងទៅរកទិញដីដែលគេមិនចង់លក់ គេច្បាស់ជាលក់ក្នុងតម្លៃថ្លៃហើយ។

លោកឧកញ៉ា កាង សុធី អ្នកវិនិយោគនិងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជាក៏បានលើកឡើងផងដែរថា ដីដែលមិនសូវមានការចាប់អារម្មណ៍នៅពេលនេះមានតម្លៃត្រឹម២ ទៅ៣ដុល្លារ ឬ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ វាអាចនឹងហក់ឡើងដល់១០ដុល្លារ២០ដុល្លារឬខ្ពស់ជាងនេះនៅពេលអនាគត ជាពិសេសនៅពេលមានការពង្រីកក្រុងកាន់តែធំ ដោយសារដីនៅកណ្ដាលក្រុងកាន់តែចង្អៀត ហើយដីនៅជាយក្រុងកាន់តែមានតម្លៃនិងហាងឆេងខ្ពស់ ។

សរុបសេចក្តីមកអ្នកមានលុយច្រើន ទិញដីទុកមិនជាការអត់ប្រយោជន៍ឬខាតបង់នោះទេ ប៉ុន្តែការយកលុយពីធនាគារឬប្រភពផ្សេងដើម្បីវិនិយោគ រយៈពេលវែងវាមិនមែនជាការល្អនោះទេ ដោយសារតែលុយដែលយើងមកនោះ គឺត្រូវបង់ការប្រាក់ទៅម្ចាស់ដើមវិញជាប្រចាំខែឬប្រចាំឆ្នាំ ហើយបើសិនជាដីនោះវាឡើងមិនទាន់ ឬក៏ការប្រកាសលក់ដោយប្រើរយៈពេលយូរវានឹងធ្វើឱ្យការប្រាក់កាន់តែច្រើនឡើងៗ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា​ ទីផ្សារអចលនទ្រព្យនៅជុំវិញរាជធានីភ្នំពេញ នៅតែមានកំនើនរយៈពេលវែងបន្តទៀត ដោយសារផែនការពង្រីករាជធានីភ្នំពេញ របស់រដ្ឋាភិបាលនៅតែបន្ត សេដ្ឋកិច្ចនៅតែមានភាពរីកចម្រើន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិ​បាលបានធ្វើឡើងជាប់ជាប្រចាំ។

លោកបន្តថា "ការពង្រីករាជធានីភ្នំពេញនាពេលអនាគត នឹងធ្វើឲ្យតម្លៃដីធ្លីបន្តកើនឡើង ដែលហេតុនេះហើយបានជាមានការវិនិយោគលើដីធ្លីច្រើន ព្រោះដីធ្លីនៅមានឱកាសចំណេញខ្ពស់ និងជាការវិនិយោគមានភាពប្រាកដនិយម"៕