ដោយៈសុខុម

ក្រុងរីយ៉ាដ: ប្រទេសបារ៉ែន កាលពីថ្ងៃពុធ ទី២៤ វិច្ឆិកា បានចាប់ផ្ដើមផែនការជាយុទ្ធសាស្រ្តថ្មីមួយ ដើម្បីបោះទុនរហូតដល់ទៅ៣០ពាន់លានដុល្លារ វិនិយោគលើគម្រោងថ្មីៗជាង២០ គម្រោងជាមួយនឹងការសាងសង់ទីក្រុងក្នុងទឹកសមុទ្រថ្មីៗចំនួន៥។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bahrain News Agency (BNA) ឱ្យដឹងថា គម្រោងដែលមានទំហំទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ រាប់បញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានទាំងផ្លូវឆ្លងកាត់សមុទ្រថ្មីមួយខ្សែ ដែលតភ្ជាប់ប្រទេសបារ៉ែន ទៅប្រទេសអារ៉ាប៊ីសាអូឌីត។

ទន្ទឹមនេះប្រទេសបារ៉ែន ក៏នឹងបង្កើតប្រព័ន្ធរថភ្លើងក្រោមដី ប្រវែង១០៩គីឡូម៉ែត្រ និងផ្លូវ Northern Road ប្រវែង២២,៥គីឡូម៉ែត្រផងដែរ។

រដ្ឋាភិបាលប្រទេសនេះ បានបង្ហាញសុទិដ្ឋិយមថា យុទ្ធសាស្ត្រនេះ នឹងជួយបង្កើតការងារសម្រាប់ពលរដ្ឋ និងជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសបារ៉ែន។

ក្រៅពីនេះប្រទេសបារ៉ែន នឹងបង្កើនសមត្ថភាពចម្រាញ់ប្រេង ពី២៦៧.០០០បារ៉ែលទៅ៣៨០.០០០បារ៉ែលក្នុងមួយថ្ងៃ តាមរយៈកម្មវិធី Bapco Modernisation Programme ដែលជាគម្រោងឧស្សាហកម្មដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារ៉ែន។

ជាផ្នែកមួយនៃយុទ្ធសាស្ត្រថ្មីនេះ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន អាចចូលរួមដេញថ្លៃយកកិច្ចសន្យា ដើម្បីអភិវឌ្ឍគម្រោងទាំងនេះបាន៕ Arab News៕