ដោយៈសុខុម

សិង្ហបុរី: ខណៈឆ្នាំចាស់ ២០២១ កាន់តែជិតកន្លងផុតទៅ ម៉ាកយីហោសណ្ឋាគារប្រណីតៗរហូតដល់ទៅ៥ កំពុងត្រៀមបើកដំណើរការសណ្ឋាគារ ក្នុងប្រទេសសិង្ហបុរី នៅដើមឆ្នាំ២០២២ ដើម្បីផ្ដល់ជម្រើសកាន់តែសម្បូរបែប និងបទពិសោធន៍កាន់តែប្រសើរសម្រាប់ភ្ញៀវ ខណៈស្ថានភាពកូវីដ-១៩ កាន់តែធូរស្រាល។

យោងតាមសារព័ត៌មាន CNA ដែលចុះផ្សាយនៅថ្ងៃពុធ ទី២៤ វិច្ឆិកា នេះឱ្យដឹងថា សណ្ឋាគារប្រណីតថ្មីៗទាំងនោះ រួមមានដូចជា សណ្ឋាគារ ARTYZEN CUSCADEN សណ្ឋាគារ HILTON SINGAPORE ORCHARD សណ្ឋាគារ RAFFLES SENTOSA RESORT & SPA សណ្ឋាគារ PULLMAN SINGAPORE ORCHARD និងសណ្ឋាគារ THE SINGAPORE EDITION ។

ក្រុមហ៊ុនបដិសណ្ឋារកិច្ច Artyzen Hospitality Group ដែលមានមូលដ្ឋាននៅក្រុងហុងកុង និយាយថា ខ្លួននឹងបើកដំណើរការសណ្ឋាគារដំបូងរបស់ខ្លួន ក្នុងប្រទេសសិង្ហបុរី នៅឆ្នាំក្រោយ ជាមួយនឹងចំនួនបន្ទប់សរុប១៤២បន្ទប់ ដែលជ្រកខ្លួននៅក្នុងអគារកម្ពស់២០ជាន់។

ទន្ទឹមនេះ សណ្ឋាគារ Hilton Singapore Orchard ក៏នឹងបើកដំណើរការក្នុងប្រទេសនេះ នៅខែមករា ដើមឆ្នាំ២០២២ ដែរ ហើយវានឹងក្លាយជាសណ្ឋាគារធំបំផុតរបស់ម៉ាកយីហោ Hilton ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងចំនួនបន្ទប់សរុប១.០៨០បន្ទប់។

ម៉ាកយីហោ Raffles ក៏នឹងបើកដំណើរការសណ្ឋាគារ Raffles Sentosa Resort & Spa ចំនួន២ផងដែរ។
ចំណែកឯអតីតសណ្ឋាគារ Grand Park Orchard ក៏នឹងត្រូវបើកដំណើរការឡើងវិញដោយប្ដូរឈ្មោះទៅជា Pullman Singapore Orchard ក្រោយការជួសជុលកែលម្អយ៉ាងច្រើន។

ជាចុងក្រោយ សណ្ឋាគារ Edition Hotels ដែលស្ថិតក្រោមម៉ាកយីហោអាមេរិក Marriott International នឹងបើកនៅអតីតទីតាំងសណ្ឋាគារ Boulevard Hotel កម្ពស់៨ជាន់ជាមួយនឹងចំនួនបន្ទប់សរុប១៩០បន្ទប់៕ CNA៕