ដោយ៖ សុផារី

ភ្នំពេញ៖ អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងងើបឡើងក្នុងកម្រិតទាប ប្រមាណ២,៤ ភាគរយ ក្នុងឆ្នាំ២០២១ និង៤,៨ ភាគរយក្នុងឆ្នាំ២០២២ ដោយសារការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគនិងតម្រូវការក្នុងស្រុកដែលមានតម្លៃទាបនិងមធ្យមនឹងបន្តរក្សាកំណើនល្អប្រសើរ។

នេះបើតាមការលើកឡើងរបស់លោកអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ "ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩" របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ដោយមានការចូលរួមពីគណៈប្រតិភូមកពី៨ប្រទេសជាសមាជិកអាស៊ាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ ។ល។

យ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ថា ការព្យាករណ៍ទាំងអស់នេះស្ថិតក្នុងការប៉ាន់ស្មាននៅឡើយ ដោយសារហានិភ័យនៃការរីករាលដាលនៃរលកថ្មីនៃវីរុសកូវីដ១៩ ដែលមានសភាពកាន់តែកាចសាហាវ នៅតែបន្តជាបញ្ហាប្រឈមដល់ការអភិវឌ្ឍន៍សកលលោកនិងតំបន់។

ជាមួយគ្នានេះ តាមការព្យាករណ៍ក្នុងឆ្នាំ ២០២១ និង២០២២ សេដ្ឋកិច្ចសកលនឹងងើបឡើងវិញក្នុងអត្រា ៥,៩ ភាគរយ និង៤,៩ ភាគរយរៀងគ្នា រួមមាន សហរដ្ឋអាមេរិកក្នុងអត្រា៦ភាគរយ និង៥, ភាគរយ ក្នុងប្រទេសចាយប្រាក់អ៊ឺរូ ក្នុង អត្រា៥ និង ៤,៣ ភាគរយរៀងគ្នា។ ដោយឡែក សេដ្ឋកិច្ចប្រទេសចិននឹងកើនក្នុងអត្រា៨និង៥,៦ ភាគរយ ចំណែកតំបន់អាស៊ាននឹងកើបក្នុងអត្រា២,៧ និង ៥,៨ រៀងគ្នា។

ដោយឡែក ស្របទៅនឹងសេដ្ឋកិច្ចសកលសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង ក្នុងឆ្នាំ 2021 ត្រូវបានព្យាករណ៍ថានឹងនៅក្នុងកំណើនទាប ប្រមាណ ២,៤ ភាគរយដោយសារការអូសបន្លាយនៃជំងឺកូវីដ១៩ និងការរំពឹងទុកការងើបឡើងវិញក្នុងកម្រិតទាបនៃតម្រូវការសកលជាមួយនឹងការបន្ធូរបន្ថយវិធានការរដ្ឋបាល ជាដំណាក់ដំណាក់និងការសម្របខ្លួនទៅនឹងគម្លងប្រក្រតីភាពថ្មី នៃកិច្ចដំណើរការសង្គមសេដ្ឋកិច្ច

ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងងើបឡើងក្នុងអត្រា៤,៨ ភាគរយ ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងសាកល៕