ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូនព័ន្ឋមុនីរ័ត្នបានលើកឡើងពីប៉ូលសេដ្ឋកិច្ចកម្ពុជាសំខាន់ៗចំនួន៤ ដែលមានសក្តានុពលទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ សមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន ដែលមានភ្នាក់ងារ អ្នកវិនិយោគជាតិ អន្តរជាតិចូលរួមនាព្រឹកថ្ងៃទី២៥ វិច្ឆិកានេះ ក្រោមការរៀបចំរបស់កម្ពុបា លោកអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ និងបន្តសម្រ​បខ្លួនទៅនឹងប្រក្រតីភាពថ្មីក្ដី ក៏ប៉ុន្តែវិស័យអចលនវត្ថុក្នុងប្រទេស នៅតែមានសក្ដានុពលខ្ពស់ និងមានតម្លៃទាបសមរម្យ សម្រាប់ការវិនិយោគ  បើប្រៀបធៀបនឹងប្រទេសជិតខាង។

លោកបន្តថា តំបន់សំខាន់ៗមួយចំនួន ដូចជា ១. រាជធានីភ្នំពេញនិងខេត្តកណ្ដាល ដែលមានគម្រោងសាងសង់អាកាសយានដ្ឋានថ្មីកំពុងអនុវត្តន៍ ២. ខេត្តព្រះសីហនុ ដែលកំពុងតែត្រូវបានប្រែក្លាយ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ៣. ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងទី៤ ក្រុងបាវិតដែលជាមាត់ច្រកព្រំដែនកម្ពុជាវៀតណាម និងក្រុងប៉ោយប៉ែតជាមាត់ច្រកព្រំដែនកម្ពុជាថៃ។

លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់អនុសាសន៍មួយចំនួនដល់សមាគមនិងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុទាំងកម្ពុជា និងតំបន់អាស៊ានទាំងមូល។

លោកមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យប្រកបដោយចីរភាព ស្ថិរភាព ស័ក្ដិសិទ្ធភាព លោកបានស្នើឱ្យអង្គ សមាជពិនិត្យលទ្ធភាព ក្នុងការគិតគូរនិងផ្ដល់យោបល់លើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១ រៀបចំស្តង់ដារអ្នកវាយតម្លៃអចល​នវត្ថុរួមមួយក្នុងក្របខណ្ឌតំបន់អាស៊ាន ទី២.សម្រាប់ប្រទេសដែលមិនទាន់មានស្តង់ដារអចលនវត្ថុដូចជាកម្ពុជា គួររៀបចំស្តង់ដារវាយតម្លៃអចលនវត្ថុនេះឡើងឱ្យបានឆាប់ ទី៣. ជំរុញលើកកម្ពស់ការងារពង្រឹងសមត្ថភាពវិជ្ជាជីវៈនិងគុណវឌ្ឍិអ្នកវាយតម្លៃអចលនវត្ថុឱ្យកាន់តែប្រសើរ និងទី៤.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងឯកជន និងឯកជន ឯកជននិងនិយ័តករ និងរវាងនិយ័តករ និងនិយ័តករផងដែរ តាមរយៈការផ្លាស់ប្តូរជំនាញនិបទពិសោ​ធន៍ បច្ចេកវិទ្យា ការវិនិយោគនិងអាជីវកម្មរួមគ្នា៕