ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ ការផ្គត់ផ្អង់ទំហំផ្សារទំនើបនៅរាជធានីភ្នំពេញ ដែលកើនដល់ជិត៤០ម៉ឺនម៉ែត្រការ៉េ កំពុងក្លាយជាបញ្ហាប្រឈមមួយ នៅក្នុងទីផ្សារលក់រាយនៅកម្ពុជា ខណៈ E Commerce កំពុងមានភាពរីកចម្រើន។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសា​សន៍ឲ្យដឹងនៅពេលរសៀលថ្ងៃទី៣០វិច្ឆិកាកន្លងមកថា បញ្ហាវិបត្តិកូវីដ និងការផ្គត់ផ្គង់កើនឡើង បានធ្វើឲ្យទីផ្សារលក់រាយនៅតាមផ្សារទំនើប មួយចំនួនប្រឈមនឹងបញ្ហា ដោយស្តង់ជាច្រើនត្រូវបានបិទទ្វារ។

អ្នកស្រីបន្តថា "រហូតមកទល់ពេលនេះ ទំហំផ្សារទំនើបនៅរាជធានីភ្នំពេញបានកើនលើសតម្រូវការហើយ ខណៈទីផ្សារនេះតូចនៅឡើយ ដែលមិនអាចឲ្យផ្សារមួយចំនួន​លក់ទំនិញបែបយូនិកដូចស្រុកគេនៅឡើយ"។ អ្នកស្រីបន្តថា "នៅប្រទេសចិន មានប្រជាជនច្រើន ទីផ្សារធំ ហេតុនេះផ្សារទំនើបមួយចំនួន អាចលក់ទំនិញតែមួយមុខបាន ប៉ុន្តែកម្ពុជាមិនទាន់ដល់ពេលទេ"។

អ្នកស្រីអាន សុធីតាបានបន្តថា មានអ្នកលក់ទំនិញមួយចំនួនបានលក់ទំនិញតាមអនឡាញ ប៉ុន្តែពួកគេនៅតាមស្តង់តាមផ្សារ តែសេវាកម្មមួយចំនួន គឺ E Commerce មិនអាចជំនួសបាននៅឡើយទេ ដូចជាផ្នែកកំសាន្តដែលមានរោងភាពយន្ត និងផ្នែកភោជនី​យដ្ឋាននៅតែដំណើរការល្អដដែល បើទោះបីជាផ្នែកនេះមាន នៅតាមគេហដ្ឋានក៏​ដោយប៉ុន្តែបរិយាកាសខុសគ្នា។

ផ្សារំនើបធំៗជាច្រើនត្រៀមបង្ហាញខ្លួននៅចុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខដួចជា ផ្សារទំនើប Peng Hourt Diamond, AEON Mall3 ផ្សារទំនើបជីប ម៉ុង ផ្សារទំនើបនៃមជ្ឈមណ្ឌល Booyoung ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី និងផ្សារទំនើប Phnom Penh Mega Mall ជាដើម។

រហូតមកទល់ពេលនេះ ផ្សារទំនើបខ្នាតតូចមួយចំនួន បានប្រឈមមុខនឹងការបិទទ្វារដូចជា City Mall, Sovanna Plaza, ជាដើម​ដែលបាននិងកំពុងប្រឈមមុខនឹងការបិទទ្វារ និងកំពុងធ្វើការកែលំអរឡើងវិញ៕