ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បន្ទាប់ពីគេហទំព័រPropertyarea.asia បានចេញផ្សាយអត្ថបទពីរទាក់ទងនឹងការជន់លិចភាគខាងត្បូងរាជធានី និងទស្សនរបស់លោកស្ថាបត្យករវណ្ណ ម៉ូលីវណ្ណ ដែលជម្រុញឲ្យមានការអភិវឌ្ឍន៍នៅភាគខាងត្បូងក្រុងភ្នំពេញ បានក្លាយជាប្រធានបទក្តៅ ដែលមានការបញ្ចេញមតិចម្រុះជាច្រើនលើគេហទំព័រនេះ។
តាមពិតតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ពិតជាលិចទឹកមែន ប៉ុន្តែមិនលិចគ្រប់ផ្នែកនោះទេ ដោយតំបន់ស្ថិតនៅក្បែរព្រលានយន្តហោះថ្មី និងប៉ែកខាងឆ្វេងដៃ(គិតចេញពីរាជធានីភ្នំពេញ) ដែលស្ថិតនៅប្របផ្លូវក្រវ៉ាត់ក្រុងទី៣មិនបានលិចទឹកទេ តំបន់ដែលមានការលិច មាននៅក្នុងមូលដ្ឋាននៃទឹកដីខ័ណ្ឌដង្កោភាគច្រើន។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងតំបន់នោះមួយចំនួន បានទទួលឥទ្ធិពលពីគ្រោះទឹកជំនន់នេះ ជាពិសេសនោះក៏មានអ្នកវិនិយោគមួយចំនួន កំពុងរារែកក្នុងការដាក់ទុនវិនិយោគប៉ែកខាងត្បូង ប៉ុន្តែសម្រាប់ភាគីខាងអាជ្ញាធរវិញ អ្នកនាំពាក្យសាលាសាលារាជធានីភ្នំពេញ បានលើកឡើងថា ទឹកជំនន់កាលពីប៉ុន្មានថ្ងៃមុនោះ វាមិនអាចទៅវាយតម្លៃដល់សេដ្ឋកិច្ចបានទេ។
លោកម៉េត មាសភក្ដីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១ វិច្ឆិកានេះថា ទឹកជំនន់នៅរយៈពេលប៉ុន្មានថ្ងៃមុនោះគឺមានរយៈខ្លីប៉ុណ្ណោះ ពោលគឺត្រឹមតែ២ឬ៣ថ្ងៃទេ។ ដូច្នេះយើងមិនអាចទៅវាយតម្លៃលើផលប៉ះពាល់សេដ្ឋកិច្ច ឬក៏បង្កជាឥទ្ធិពលអាក្រក់សេដ្ឋកិច្ចបានដែរ ។
លោកនិយាយថា "ទឹកជំនន់ប៉ុន្មានថ្ងៃមុននោះ គឺលិចតែ៣សង្កាត់ប៉ុណ្ណោះនៅក្នុងខណ្ឌដង្កោ ហើយនៅក្នុងសង្កាត់ទាំងបីនោះ ក៏មិនមែនលិចគ្រប់ភូមិដែរ គឺមានភូមិតិចតួចប៉ុណ្ណោះដែលបានលិច ដូច្នេះវាមិនបង្កជាផលអាក្រក់ដល់ការវិនិយោគ ឬសតិអារម្មណ៍របស់វិនិយោគិនឡើយ"។
ដោយឡែកលោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ យើងឃើញថារងគ្រោះ២ឆ្នាំជាប់គ្នាហើយ ហើយបើសិនជាទឹកជំនន់នេះ នៅតែបន្តលិចលង់នៅឆ្នាំក្រោយៗទៀត វានឹងអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសតិអារម្មណ៍របស់ពលរដ្ឋ ក្នុងការផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ប៉ែកខាងត្បូង។ តែសម្រាប់ទឹកជំនន់ ដែលមានរយៈពេលខ្លីវាមិនអាចប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនោះទេ។
បើយើងក្រលេកទៅមើលសន្ទុះ នៃការវិនិយោគអចលនទ្រព្យ នៅតំបន់ប៉ែកខាងត្បូងភ្នំពេញ ទាំងគម្រោងវិនិយោគឯកជន និងគម្រោងវិនិយោគរបស់រដ្ឋឃើញថា កំពុងតែមានភាពមមាញឹក ដោយវិនិយោគិនជាតិ និងអន្តរជាតិបានបន្តដាក់ទុនអនុវត្តន៍គម្រោងរបស់ខ្លួនទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ។
គម្រោងដែលស្ថិតនៅប៉ែកខាងត្បូង និងទាក់ទាញដល់ការវិនិយោគផ្សេងៗទៀតរួមមាន គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គម្រោងផ្លូវក្រវ៉ាត់ក្រុង និងគម្រោងស្ថាបនាផ្លូវសំខាន់ៗ ចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តតាកែវ កំពត និងតភ្ជាប់ទៅកាន់ខេត្តផ្សេងទៀត។ តាមរយៈគម្រោងរដ្ឋទាំងនេះ បានទាក់ទាញនូវគម្រោងវិនិយោគឯកជាច្រើន ជាពិសេសលើតំបន់លំនៅឋាននិងពាណិជ្ជកម្ម ដោយមានវិនិយោគជាច្រើនបានបោះទុនរាប់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ទោះកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី៕
No comments:
Post a Comment