ដោយៈម៉ាលីស

ភ្នំពេញៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេស (FTB) បានវិនិយោគទឹកប្រាក់២០លានដុល្លារ ដើម្បីទិញប័ណ្ណបំណុលរបស់ក្រុមហ៊ុន CAIC ដែលកំពុងវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគទឹកប្រាក់២០លានដុល្លាអាមេរិច លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី NPPIA រវាងលោកឌិត សុចល ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Overseas Cambodia Invesment Corporation Ltd (OCIC) , លោក ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន Cambodia Airport Invesment Co., Ltd (CAIC)និងធនាគារពាណិជ្ជកម្មក្រៅប្រទេស លើការបោះផ្សាយជាលក្ខណៈបុគ្គល ។

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាប័ណ្ណ និងត្រូវប្រើប្រាស់សម្រាប់ការងារសាងសង់ និងការអភិវឌ្ឍន៏ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬ NPPIA។

ជាក់ស្តែងគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដ៏ថ្មីស្រឡាងនឹងទំនើបនេះ គម្រោងធ្វើប្រតិបត្តិការនៅឆ្នាំ២០២៣ខាងមុខនេះ មានទីតាំងស្ថិតនៅស្រុក កណ្តាលស្ទឹ​ង ខេត្តកណ្តាល។ គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន២៧% ត្រូវប្រើប្រាស់ទឹកប្រាក់សរុបប្រមាណ៣៥៨លានដុល្លាអាមេរិច នេះមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយCAIC។

ដោយឡែក អត្រាការប្រាក់របស់សញ្ញាបណ្ណនេះគឺ៥.៥% ក្នុង១ឆ្នាំជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។ ក្នុងនោះផងដែល OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញលើការអភិវឌ្ឍន៏វិស័យអចលនទ្រព្យ សំណង់ ការអប់រំ វេជ្ជសាស្រ្ត ផ្សារទំនើប រោងម៉ាស៊ីនកិនស្រូវ ខ្សែសង្វាក់ផលិតកម្ម ពិសេសសម្រេចបាននៅគម្រោងធំៗជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វា និងOlympia ជាដើម។

ក្រោមការសហការបណ្តាក់ទុនរួមគ្នា ជាមួយរាជរដ្ឋាភិបាល និងក្រុមហ៊ុន Cambodia Airport Invesment Co., Ltd ឬ CAIC រាជរដ្ឋាភិបាលបានផ្តល់សិទ្ធឲ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់សាងសង់ ធ្វើហរិញ្ញប្បទាន និងគ្រប់គ្រងប្រត្តបត្តិការគម្រោង NPPIA ។ ក្នុងនោះ FTB ក៏ជាធនាគារមួយក្នុងចំនោមធនាគារធំៗនៅកម្ពុជា បានចូលរួមសហការយ៉ាងល្អនៅក្នុងគម្រោងអភិវឌ្ឍន៏ ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកំពស់ទីផ្សារ ជម្រុញសេដ្ឋកិច្ចនិងសង្គមជាតិ។

ផ្អែកលើមូលដ្ឋានគ្រឹះរឹងមាំនេះហើយ ទើបសមិទ្ធផលជាច្រើន និងបទពិសោធន៏ក្នុងការដំណើរការចូលរួមជួយអភិវឌ្ឍន៏ទីផ្សារ និងសេដ្ឋកិច្ចជាតិរយៈពេល៤០ឆ្នាំកន្លងមក ជាមួយនិងរដ្ឋាភិបាល ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីជម្រុញឲ្យធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕