ដោយៈសហសេវិក

        ភ្នំពេញៈ អ្នកជំនាញទិញលក់អចលនទ្រព្យ ដែលបាននិងកំពុងធ្វើការយ៉ាងសកម្ម​នៅក្នុងវិស័យនេះ បានលើកនូវមូលដ្ឋានចំណេះដឹងសំខាន់ៗមួយចំនូន ដើម្បីជាចំណេះដឹងដល់សាធារណៈជន យកទៅវិភាគ ពិចារណាមុនសម្រេចចិត្តវិនិយោគលើវិស័យនេះ។

លោកទូច សិត្យា នាយកផ្នែកទីផ្សារ និងលក់នៃ ក្រុមហ៊ុន DNZ Realty - DE NEO ZONEបានមានប្រសាសន៍ថា ដោយធ្វើការចែករំលែកបទពិសោធន៍ការងារ ក្នុងវិស័យអចលនទ្រព្យខ្លះៗ មុនបងប្អូនសម្រេចចិត្ត ក្នុងការងារអចលនព្រព្យប្រយ័ត្នខកចិត្ត។

បើអ្នកកំណ​ត់ភាពជោគជ័យរបស់អ្នកត្រឹមតែការលក់បាន នោះអ្នកបានបរាជ័យរួចទៅហើយ?

ហេតុអ្វីខ្ញុំលើកជាគំនិតបែបនេះ?

មនុស្សភាគច្រើន ជាពិសេសអ្នកដែលបានប្រឡូកចូលការងារ ក្នុងវិស័យអចលនទ្រព្យតែងតែគិត និងអបអរសារទរចំពោះអ្នកដែលលក់បាន ហើយនិយាយថា"ជោគជ័​យ"  សម្រាប់ការយល់ឃើញរបស់មនុស្សម្នាក់ៗ ឬក្រុមណាមួយ វាជាសិទ្ធនៃការលើកឡើង ឬជាការយល់ឃើញរបស់គេតែប៉ុណ្ណោះ សម្រាប់លោកផ្ទាល់យល់ឃើញថា ជាការយល់ខុស ថែមទាំងងាយនិងបរាជ័យ បែកបាក់ក្រុម ដែលជាហេតុមិនអាចដឹកនាំក្រុមហ៊ុនមួយ ឬស្ថាប័នមួយអាចឈរយ៉ាងរឹងមាំ ឬស្ថិតស្ថេរយូរអង្វែងបានទេ។ បើអ្នកគិតថា "ភាពជោគជ័យរបស់អ្នកត្រឹមតែការលក់បាន។

បានន័យថា ខ្លួនអ្នកជាអ្នកលក់ផ្ទាល់ ឬថ្នាក់ដឹកនាំក្រុមហ៊ុនរបស់អ្នក បានកំពុងតែឲ្យតម្លៃត្រឹមលុយហើយ នេះជាការចាកឆ្ងាយពីសីលធម៌ ក្នុងនាមជាអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ។

ចុះបើអ្នកលក់មិនបាន ឬក្រុមមួយលក់អត់បាន បាននន័យថាបរាជ័យហើយមែនទេ ឬគួរតែដកថយហើយមែនទេ? វាមិនត្រូវសោះឡើយ ! តើអ្នកជឿជាក់លើក្រុមហ៊ុនរបស់អ្នកបានកម្រិតណា? តើអ្នកជឿជាក់លើបុគ្គលិករបស់អ្នកបានកម្រិតណា?។ តើអ្នកជឿជាក់លើម្ចាស់គម្រោងបានកម្រិតណា? តើអ្នកជឿជាក់លើដៃគូសហការរបស់អ្នកបានកម្រិតណា? តើអ្នកជឿជាក់លើផលិតផលរបស់អ្នកបានកម្រិតណា? តើអ្នកជឿជាក់លើការផ្តល់សេវាកម្មរបស់អ្នកបានកម្រិតណា? តើអ្នកចាត់ទុកអតិថិជនរបស់អ្នកជាអ្នកណា?។

លោកទូច សិត្យាបានបន្តថា "បើអ្នករកមិនទាន់ឃើញប៉ុន្មានសំនួរខាងនេះទេ គ្មានអ្វីចម្លែកទេ ដែលអ្នកអាចប្រឈមនិងការក្ស័យធន ខាតបង់ បែកបាក់ក្រុម បែកបាក់សាមគ្គីគ្នានោះ"។

លោកបន្តថា ចុះបើអ្នកលក់មិនបាន តើអ្នកនឹងទៅយ៉ាងណា ហើយមានរឿងអ្វីកើតឡើងចំពោះអ្នក ចំពោះក្រុមហ៊ុន? នេះជាបញ្ហាចោទខ្លាំង ថ្វីត្បិតតែមនុស្សភាគច្រើនបានកំពុងធ្វើការងារលើវិស័យអចលនទ្រព្យ តែមានមនុស្សមួយចំនួនធំ រួមទាំងក្រុមហ៊ុនភ្នាក់ងារលក់ ជួល ទិញ អចលនទ្រព្យក៏បានប្រឈមមុខនិងការចែកផ្លូវគ្នា បែកបាក់សាមគ្គី អ្នកខ្លះ រត់ចូលក្រុមនេះ ក្រុមនោះ ទាំងដែលមិនស្គាល់ខ្លួនឯងជាអ្នកណាផង។

លោកបន្តថា "ខ្ញុំអាចឈរបានយ៉ាងរឹងមាំក្នុងវិស័យអចលនទ្រព្យ ជាពិសេសការងាររបស់ខ្ញុំ ជាអ្នកប្រឹក្សាយោបល់ផ្នែកការលក់ខុនដូ ខ្ញុំមិនមែនទើបតែតាំងចិត្តក្នុងការធ្វើការងារថ្មីៗ ខណៈពេលខ្ញុំលក់បានក្នុងគម្រោងមួយចំនួននោះទេ តែខ្ញុំមានការតាំងចិត្ត

សិក្សាពីគម្រោង ថាតើអាចទុកចិត្តបានដែរឬទេ? ហើយពិតជាអាចផ្តល់ជូនផលិតផល និងសេវាកម្មល្អពិតប្រាកដ ដល់អតិថិជនបានត្រឹមត្រូវទាន់ពេលវេលាដែរឬទេ? ពេលដែលបងប្អូន ចេញប្រតិបត្តិការលក់គម្រោងណាមួយ បងប្អូនខ្លួនឯងផ្ទាល់គឺជាអ្នកប្រឈមមុខជាមួយអតិថិជនរបស់បងប្អូនហ្នឹងហើយ។

លោកបន្ថែមថា "ក្នុងការងារមួយនេះតាំងពី៥ឆ្នាំមុនមកម្ល៉េះ ពីព្រោះខ្ញុំយល់ឃើញថា ការងារមួយនេះ ខ្ញុំអាចជួយមនុស្សមួយចំនួនដែលគ្មានការងារធ្វើ មនុស្សដែលគ្មានគោលដៅច្បាស់លាស់ ជាពិសេសមនុស្សល្អៗ តែគ្មានឱកាសទទួលបានការងារល្អ ត្រឹមត្រវ ច្បាស់លាស់ ជឿទុកចិត្តបាន"។

មកដល់ពេលនេះ ខ្ញុំនៅតែបើកឱកាសជូនបងប្អូន ដែលមានបំណងចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យ ដែលមានការបណ្តុះបណ្តាលឲ្យមានជំនាញ សមត្ថភាពពិតប្រាកដ ឲ្យក្លាយជាអ្នកប្រឹក្សា យោបល់ដ៏ល្អ និងជាជនគំរូ ពីក្រុមការងារ DNZ Realty យើងខ្ញុំ តាមរយៈរូបខ្ញុំផ្ទាល់។

ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិកូវីដ19 យ៉ាងណាក៏ដោយ សម្រាប់ DNZ Realty នៅតែសកម្ម ក្នុងការធ្វើទីផ្សារផ្សព្វផ្សាយលក់គម្រោងខុនដូ Urban Village ដោយមិនរាថយឡើយ។

ហេតុអ្វីបានជា DNZ Realty នៅតែអាចឈរបានយ៉ាងរឹងមាំដូចនេះ? ការពិតទៅគ្មានអ្វីចម្លែកទេ សម្រាប់ក្រុមហ៊ុនយើង ទោះវិបត្តិកូវីដ19 នៅតែមិនទាន់បានស្រាកស្រានគួរឲ្យកត់សម្គាល់នោះ  តែខ្ញុំគិតថាវាគឺជាឱកាស ដោយឡែកអ្នកផ្សេងជាពិសេសអ្នកដែលកំពុងមានតម្រូវការក្នុងការទិញដើម្បីរស់នៅ និងវិនិយោគ បែរជាគិតថាជាបញ្ហា ជាវិបត្តិដែលមិនគួរចំណាយក្នុងស្ថានភាពនេះឡើយ។

លោកបន្តថា "ភាពខ្លាំងរបស់ DNZ Realty គឺការទំនាក់ទំនងបានល្អ ការទំនាក់ទំនងល្អនេះហើយ បានយើងអាចមានវត្តមាន ក្នុងវិស័យការងារអចលនទ្រព្យនេះបាន"។ លោកបន្តថា "ដើម្បីឲ្យការងារមួយប្រកបដោយប្រសិទ្ធភាព សូមកុំសួរថា "ខ្ញុំអាចធ្វើអ្វីបានខ្លះ តែគួរតែសួរខ្លួនឯវិញថា តើខ្ញុំបានធ្វើអ្វីខ្លះដើម្បីក្រុម?"។

ជាការកត់សម្គាល់របស់លោក សម្រាប់ការងារលក់អចលនទ្រព្យ វាមិនជារឿងអីពិបាកពេកទេ រហូតថាយើងធ្វើមិនបាននោះ តែវាក៏មិនមែនជារឿងងាយស្រួលដែលបងប្អូនអាចសម្រេចបាន ឬធ្វើបាននោះដែរ។

បើបងប្អូនគ្មានក្តីសុបិនច្បាស់លាស់ទេ កុំទាន់អាលទាន់សម្រេចចិត្តលឿន ប្រយ័ត្នខកចិត្តក៏លឿនដែរណា។ វាគ្មានការងារអ្វីដែលងាយៗ ស្រួលៗ ហើយបានផលប្រយោ​ជន៍ភ្លាមៗ ដោយមិនបានចំណាយពេលវេលា ថវិកា កម្លាំងចិត្ត កម្លាំងកាយ ការប្តេជ្ញាចិត្តខ្ពស់នោះទេ។

ជាចុងក្រោយក្នុងឱកាសនេះ លោកសូមក្រើនរំលឹកដល់បងប្អូន ជាពិសេសយុវជនដែលបានកំពុង តែប្រឡូកក្នុងវិស័យអចលនទ្រព្យ នាពេលបច្ចុប្បន្ននេះថា មុនបងប្អូនសម្រេចចិត្ត ក្នុងការលក់គម្រោងណាមួយសូមបងប្អូនសិក្សា ឈ្វេងយល់ឲ្យបានច្បាស់​លាស់ បានន័យថាដំបូងដៃបងប្អូន ត្រូវស្គាល់ពីដៃគូសហការរកស៊ីជាមួយគ្នាមុនគេ បន្ទា​ប់មកបងប្អូនត្រូវស្គាល់ពីម្ចាស់គម្រោង៕