ដោយៈសហការី

ភ្នំពេញៈ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ អស់រយៈពេលពីរឆ្នាំមកនេះ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា មិនទាន់ដំណើរការបានល្អប៉ុន្មាននោះទេ ជាពិសេសទីផ្សារខុនដូដែលត្រូវពឹងផ្អែកខ្លាំងទៅលើអតិថិជនពីបរទេស។

ទោះជាយ៉ាងណាក៏ដោយ វិស័យនេះត្រូវបានគេមើលឃើញថា ចាប់ផ្ដើមមានសញ្ញាវិជ្ជមានមួយចំនួនហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស បើកវិស័យទេសចរណ៍ឡើងវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលបានទទួលថ្នាំបង្ការកូវីដ-១៩​រួចរាល់ ​​ជាមួយនឹងការកាត់បន្ថយថ្ងៃចត្តាឡីស័ក សម្រាប់វិនិយោគិនមកត្រឹមតែរយៈពេល៣ថ្ងៃ។

អ្នកស្រីតាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. បានលើកឡើងថា ការបើកវិស័យទេសចរណ៍ឡើងវិញ គឺជាការសាកល្បងលើកដំបូងសម្រាប់កម្ពុជា។ ប្រសិនបើមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩​ច្រើននោះទេ បន្ទាប់ពីអ្នកទេសចរ និងអ្នកវិនិយោគ ត្រូវបានអនុញ្ញាតឱ្យចូលមកលេងប្រទេសកម្ពុជា យើងសង្ឃឹមថាសេដ្ឋកិច្ចទាំងមូល នឹងប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ។

អ្នកស្រីបន្តថា "ប៉ុន្តែឥឡូវនេះ វាហាក់ដូចជាលឿនពេក ក្នុងការវិភាគស្ថានការណ៍នេះ ហើយអ្វីដែលយើងអាចធ្វើបានគឺរង់ចាំមើលថាតើអ្វីៗ នឹងដំណើរការដោយរលូនឬយ៉ាងណា បន្ទាប់ពីកម្ពុជាបើកទេសចរ និងសេដ្ឋកិច្ចឡើងវិញ"។អ្នកស្រីបន្តថា "ទោះជាយ៉ាងណា ខ្ញុំជឿថាសេដ្ឋកិច្ចនឹងងើបឡើងវិញបន្តិចម្ដងៗក្នុងពេលឆាប់ៗ ព្រោះយើងបានស៊ាំនឹងការរស់នៅតាមបែបគន្លងថ្មីជាមួយជំងឺកូវីដ១៩​ ហើយ"។

ដោយឡែក វិស័យខុនដូនឹងមានភាពរីកចម្រើនម្តងទៀត នៅពេលដែលវិនិយោគិនបរទេសអាចចូលមក ក្នុងព្រះរាជាណាចក្រកម្ពុជាយើងបានដោយសេរី។ ឆ្នាំក្រោយអាចជាជំហានដំបូង សម្រាប់វិស័យខុនដូ ដើម្បីងើបឡើងវិញជាបណ្ដើរៗ ហើយឆ្នាំ២០២៣គួរតែជាពេលវេលាដ៏ល្អបំផុត សម្រាប់ការងើបឡើងវិញយ៉ាងពេញលេញនៃទីផ្សារខុនដូ។​

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ​ ការបញ្ចប់គម្រោងខុនដូ ក្នុងរាជធានីភ្នំពេញមានភាពយឺតយ៉ាវ អំឡុងវិបិត្តកូវីដ១៩។ គម្រោងខុនដូលើសពាក់កណ្ដាល ត្រូវបានពន្យារពេលសាងសង់រហូតដល់ឆ្នាំក្រោយ ដោយនៅក្នុងត្រីមាសទី៣ឆ្នាំនេះ មានតែគម្រោងធំៗពីរប៉ុណ្ណោះគឺ The Peak និង The Gateway ដែលបានបញ្ចប់ការសាងសង់តាមកាលកំណត់។

តម្លៃខុនដូនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ មានការធ្លាក់ចុះបន្តិចបន្តួច កម្រិតទាប(ធូរថ្លៃ) -២.១៤% កម្រិតមធ្យម -២.៩៥% និងកម្រិតខ្ពស់ -១.៧៨% បើធៀបនឹងត្រីមាសទី២។​​​

របាយការណ៍នេះបានលើកឡើងថា ការធ្លាក់ចុះតម្លៃទាំងនេះ គឺ​ដោយសារតែអ្នកអភិវឌ្ឍន៍ បានធ្វើទីផ្សារបញ្ចុះតម្លៃ ដើម្បីទាក់ទាញអតិថិជនថ្មីៗបន្ថែមទៀត។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនទ្រព្យនៅកម្ពុជា (CVEA) លើកឡើងថា វិស័យខុនដូនៅកម្ពុជា មិនទាន់មានវិបត្តិនៅឡើយទេ ទោះស្ថិតក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ក្ដី។ ខណៈពេលដែលអ្នកអភិវឌ្ឍន៍មួយចំនួនកំពុងពុះពារដើម្បីបន្ត និងបញ្ចប់គម្រោងរបស់ពួកគេ គម្រោងផ្សេងៗទៀតបានបញ្ច​ប់ការអភិវឌ្ឍន៍តាមកាលកំណត់ និងបានប្រគល់ជូនអតិថិជនទាន់ពេលវេលា។

លោកបានបន្ថែមថា គម្រោងកម្រិតខ្ពស់ អាចនឹងពិបាកលក់ចេញ ក្នុងអំឡុងពេលនេះ ដោយសារអតិថិជនបរទេសភាគច្រើន មិនអាចចូលប្រទេសកម្ពុជាបាន ដោយសារការរឹតបន្តឹងក្នុងការធ្វើដំណើរ ក៏ប៉ុន្តែ​សម្រាប់គម្រោងកម្រិតមធ្យម និងគម្រោងដែលមានតម្លៃសមរម្យ គឺមានភាពងាយស្រួលជាង ដោយសារអ្នកអភិវឌ្ឍន៍ចាប់យកអតិថិជនក្នុងស្រុក។

ទោះជាយ៉ាងណា លោកជឿជាក់ថា វិស័យខុនដូនឹងមិនចំណាយពេលយូរទៀតទេដើម្បីរើបឡើងវិញ ដោយសារតែភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសអាចចូលប្រទេសកម្ពុជាបាន ជាមួយនឹងការកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័ក ហើយករណីឆ្លងកូវីដ១៩ថ្មីមានការធ្លាក់ចុះច្រើនផងដែរ។ នៅពេលដែលសេដ្ឋកិច្ចវិលមករកភាពប្រក្រតីវិញ​ វិនិយោគិននឹងមកវិនិយោគនៅកម្ពុជាម្តងទៀត ជាពិសេសវិនិយោគលើការទិញខុនដូ ព្រោះវាជាការវិនិយោគដែលមានសុវត្ថិភាពបំផុតមួយសម្រាប់ពួកគេ។

ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលសូមចូលទៅកាន់គេហទំព័រ Harbor Property ឬទាញយកកម្មវិធីទូរសព្ទដោយឥតគិតថ្លៃ៕

ទំនាក់ទំនងមកកាន់៖ 096 7876 902 (Telegram)/ 066 886633
ប្រភព៖ Harbor Property