ដោយ៖ សុផារី

ភ្នំពេញ៖ ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ តម្លៃនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់គោលដៅទីផ្សារ៦៨ប្រទេសក្នុងរយៈពេល១០ខែឆ្នាំ២០២១ មានចំនួន ៤ ០៧១ ៥៧១ ០៩៨,៣៧ ដុល្លារអាមេរិក។ នេះបើតាមការប្រកាសរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុបចំនួន៦ ៣៦៤ ៦០៧,២៤ តោន ទៅកាន់ទិសដៅ៦៨ប្រទេស គឺមានការកើនឡើងចំនួន២ ៩៧០ ៦៩១,៦០តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ៣ ៣៩៣ ៩១៥,៦៤តោន។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ៖ មានចំនួន៤៦០ ១៦៩ តោន មានការថយចុះចំនួន៧៦ ១៣៦ តោន (-១៤,២០%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១០ខែឆ្នាំ២០២០ ដែលមានចំនួន៥៣៦ ៣០៥ តោន។ ក្នុងនោះ ការនាំចេញអង្ករក្នុងខែតុលា ឆ្នាំ២០២១ មានចំនួន៤៩ ៤៧១ តោន កើនឡើងចំនួន១ ៩៤១តោន (៤,០៨%) បើធៀបនឹងខែតុលា ឆ្នាំ២០២០ ដែលមានចំនួន ៤៧ ៥៣០ តោន។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣២៧ ០៣២ តោន ស្មើនឹង ៧១,០៧% អង្ករសគ្រប់ប្រភេទមានចំនួន ១២៤ ៧១៤ តោន ស្មើនឹង ២៧,១០% និងអង្ករចំហុយមានចំនួន ៨ ៤២៣ តោន ស្មើនឹង ១,៨៣%

បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១១៥ ៤៧៦តោន (ថយចុះចំនួន ៥៨ ៩១៥តោន ស្មើនឹង -៣៣,៧៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២២៩ ១៧៧តោន (កើនឡើងចំនួន ៣៤ ៧២៦តោន ស្មើនឹង ១៧,៨៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤៣ ៧៩០តោន(ថយចុះចំនួន ២៨ ០៩២តោន ស្មើនឹង -៣៩,០៨%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៧១ ៧២៦តោន (ថយចុះចំនួន ២៣ ៨៥៥តោន ស្មើនឹង -២៤,៩៦%)

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦០ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៣៨ ៥៩៤តោន (៧៣,៥៨%) និងក្រុមហ៊ុន៥០ដទៃទៀតបាននាំចេញត្រឹមតែ ១២១ ៥៧៥តោន (២៦,៤២%)។

២- ការនាំចេញស្រូវ៖ មានចំនួន២ ៦៥៩ ៩៩០តោន ក្នុងរយៈពេល១០ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន១ ៦៨៣ ២៨៥,០២ តោន) ដែលមានការកើនឡើងចំនួន១ ២៣២ ៧៦៤ តោន (៨៦,៣៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន១ ៤២៧ ២២៦តោន។

៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ៖ មានចំនួន៤ ២២១ ១៥៣,២២ តោន កើនឡើងចំនួន ១ ៣៦៣ ៥៤២,៥៨ តោន ស្មើនឹង ៤៧,៧២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៨៥៧ ៦១០,៦៤ តោន ដែលក្នុងនោះរួមមាន៖
ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៣៣៦ ២៥៣,១២ តោន (កើនឡើងចំនួន ១០,១០%)
ដំឡូងមីស្រស់មានចំនួន ៧៤៣ ៧២០ តោន (កើនឡើងចំនួន ១៧,៥៤%)
ម៉្សៅដំឡូងមីមានចំនួន ២៦ ៩៧១,៧៤ តោន (កើនឡើងចំនួន ២៤,២៥%)
កាកសំណល់ដំឡូងមីមានចំនួន ៧ ២៩៦ តោន (ថយចុះចំនួន -៣៥,០៨%)
គ្រាប់ស្វាយចន្ទីមានចំនួន ៩១៤ ៧៩៥,៧២ តោន (កើនឡើងចំនួន ៣៤៣,១៧%)
គ្រាប់ពោតមានចំនួន ១៥៧ ១៣៤,៣៦ តោន (ថយចុះចំនួន -១៩,០៨%)
គ្រាប់សណ្តែកបាយមានចំនួន ២៥ ៣៥២,៣៥ តោន (កើនឡើងចំនួន ៤១៩,៥៥%)
គ្រាប់សណ្តែកសៀងមានចំនួន ៥២ ២១០,០៤ តោន (កើនឡើងចំនួន ៤៣៧,៤២%)
ផ្លែចេកស្រស់មានចំនួន ៣៦៩ ៤៣១,០៦ តោន (កើនឡើងចំនួន ៣៦,៧៧%)
ផ្លែក្រូចថ្លុងមានចំនួន ៣៤ ៩១៨,៤៤ តោន (កើនឡើងចំនួន ១១៩,៦១%)
ផ្លែស្វាយស្រស់មានចំនួន ២០២ ១៤១,៨១ តោន (កើនឡើងចំនួន ១៥៧,៨៣%)
ដំណាប់ស្វាយមានចំនួន ១៥ ៦៥១,៤២ តោន (កើនឡើងចំនួន ១៩៥,៤១%)
ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៤០០,៨៩ តោន (កើនឡើងចំនួន ៤១,០៤%)
ដូងប្រេងមានចំនួន ៤៨ ៧៧៦,៦៩ តោន (ថយចុះចំនួន -០,៤៨%)
ម្រេចមានចំនួន ២៧ ៦៣៣,៧៧ តោន (កើនឡើងចំនួន ៤៥៧,៤៧%)
ថ្នាំជក់មានចំនួន ៣ ៩៣៤,០៥ តោន (ថយចុះចំនួន -២៨,៧៥%)
បន្លែចម្រុះមានចំនួន ៨៤,៤០ តោន (ថយចុះចំនួន -១០,០២%)
ម្ទេសស្រស់មានចំនួន ៨២ ៩៦៧,១២ តោន (កើនឡើងចំនួន ៤៣,១១%)
ម្ទេសក្រៀមមានចំនួន ១ ៧៤០,២៣ តោន (ថយចុះចំនួន -៣,៣២%)
ផលិតផលចំនួន ៨៤មុខ ផ្សេងទៀតមានចំនួន ១៦៥ ៧៤០,០០៦ តោន។

៤-តម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល១០ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៦៩២ ១៨៣ ១៨៩,៣៧ដុល្លារអាមេរិក មាន ការនាំចេញអង្ករមានចំនួន ៣៩២ ៩៨៤ ៣២៦ដុល្លារអាមេរិក ស្រូវមានចំនួន ៤៦៥ ៤៩៨ ២៥០ដុល្លារអាមេរិក និងកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣ ៧០០ ៦១៣,៣៧ដុល្លារអាមេរិក។

ជារួម ក្នុងរយៈពេល១០ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,៥៣% ក្នុងនោះកសិផលក្រៅពីអង្ករកើនឡើងចំនួន ១០៦,៦២% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រទំហំ២០ហ្វិតសម្រាប់ផ្ទុកអង្ករនាំចេញ ដោយបច្ចុប្បន្នសម្បូរទៅដោយទូរកុងតេន័រដែលមានទំហំ៤០ហ្វិត ដែលមិនអាចប្រើប្រាស់បានឲ្យស្របតាមបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូន ព្រោះផ្ទុកទៅនឹងលើសទម្ងន់កំណត់។