សុខុម

ហុងកុង: ពលរដ្ឋហុងកុង ដែលទៅសិក្សា ឬទៅធ្វើការនៅក្នុងប្រទេសអូស្ត្រាលី នឹងត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី៥ មីនា ដើមឆ្នាំ២០២២ តទៅ បន្ទាប់ពីប្រទេសនេះបង្ហាញព័ត៌មានលម្អិតអំពីកម្មវិធីសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ពលរដ្ឋទៅពីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី២៩ តុលា ឱ្យដឹងថា អ្នកកាន់លិខិតឆ្លងដែនហុងកុង ឬមានសញ្ជាតិអង់គ្លេស (ក្រៅប្រទេស) និងសមាជិកគ្រួសាររបស់ពួកគេអាចទទួលបានសិទ្ធិស្នាក់នៅក្នុងប្រទេសអូស្ត្រាលី បានក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីបំពេញគ្រប់លក្ខខណ្ឌតម្រូវក្រោមវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ចុះកាលបរិច្ឆេទថ្ងៃទី២៨ ខែតុលា។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានសន្យាបើកផ្លូវសម្រាប់ពលរដ្ឋហុងកុង សុំសិទ្ធិស្នាក់នៅដ្ឋានអចិន្ត្រៃយ៍ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញច្បាប់សន្តិសុខជាតិលើក្រុងហុងកុង កាលពីខែមិថុនា ឆ្នាំ២០២០។ ច្បាប់សន្តិសុខជាតិនោះចាត់ទុកការធ្វើអបគមន៍ ការធ្វើវិទ្ធង្សនាអំណាចរដ្ឋ អំពើភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេសថាជាទង្វើខុសច្បាប់។

ទន្ទឹមនេះ ប្រទេសអង់គ្លេស កាលពីខែកក្កដា ឆ្នាំ២០២០ ក៏បានបើកផ្លូវផ្ដល់សញ្ជាតិដល់ពលរដ្ឋហុងកុង ផងដែរ ខណៈប្រទេសកាណាដា បានដាក់ចេញកម្មវិធីស្រដៀងគ្នាមួយកាលពីខែវិច្ឆិកា ឆ្នាំដដែល។

ក្រោមវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍នេះ ប្រទេសអូស្ត្រាលី បានផ្ដល់ជម្រើសជាច្រើនសម្រាប់ពលរដ្ឋហុងកុង។

អ្នកកាន់លិខិតឆ្លងដែនហុងកុង ឬមានសញ្ជាតិអង់គ្លេស ដែលបានទៅសិក្សា ឬទៅធ្វើការនៅទីនោះយ៉ាងតិច៤ឆ្នាំ ហើយបំពេញបានតាមលក្ខខណ្ឌសុខភាព អត្តចរិត និងសន្តិសុខ គឺមានសិទ្ធិដាក់ពាក្យសុំទិដ្ឋាការជាកម្មករជំនាញឯករាជ្យ។

អ្នកដាក់ពាក្យស្នើសុំដំបូងត្រូវបង់ប្រាក់៤.១១៥ដុល្លារអូស្ត្រាលី (៣.០៩៥ដុល្លារអាមេរិក) ជាបង់រំលស់លើកទី១ និង៤.៨៨៥ដុល្លារអូស្ត្រាលី សម្រាប់ការបង់រំលស់លើកទី២ មុនពេលទទួលបានទិដ្ឋាការ។ សម្រាប់អ្នកដាក់ពាក្យជាមនុស្សពេញវ័យម្នាក់នឹងត្រូវចំណាយបន្ថែម២.០៥៥ដុល្លារអូស្ត្រាលី និង១.០៣០ដុល្លារអូស្ត្រាលី សម្រាប់អ្នកដែលមានអាយុក្រោម១៨ឆ្នាំ។

ដូចនេះការចំណាយសម្រាប់គ្រួសារមួយដែលមានមនុស្សពេញវ័យ២នាក់ និងក្មេងម្នាក់ ត្រូវបង់អស់ប្រហែល៧៨.០០០ដុល្លារហុងកុង (១០.០០០ដុល្លារអាមេរិក)៕ South China Morning Post ៕