ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងលើកកម្ពស់និងជួសជុលផ្លូវជាតិលេខ២ រហូតមកដល់ពេលនេះ ទើបតែសម្រេចបានប្រមាណ៤៥ភាគរយប៉ុណ្ណោះ ខណៈផែនការមកដល់ពេលនេះ គឺត្រូវសម្រេចឱ្យបាន៦០ភាគរយ។

ការស្ថាបនាមានការយឺតជាងផែន ការរហូតដល់១៥ភាគរយ ។ នេះបើតាមលោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅព្រឹកថ្ងៃទី ១ តុលា ២០២១នេះ។

លោកបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការសាងសង់ឱ្យបានលឿន និងជំរុញឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្រថែមទៀត ដើម្បីឱ្យបានចប់ជាស្ថាពរតាមកិច្ចព្រមព្រៀង នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២២ត្រូវតែធ្វើឱ្យហើយ។

លោកបន្តថា "ពេលចប់រដូវវស្សានេះ ក្រុមហ៊ុនត្រូវតែសម្រុកដាក់គ្រឿងចក្របន្ថែម ដើម្បីធ្វើឱ្យផ្លូវនេះ ឱ្យបានចប់តាមកិច្ចព្រមព្រៀង តែក៏ត្រូវធ្វើឱ្យបានចប់ទៅតាមលក្ខណៈបច្ចេកទេស និងមានគុណភាព មិនមែនចប់តាមកិច្ចព្រមព្រៀងតែផ្លូវនេះ គ្មានគុណភាព ក៏យើងមិនអាចទទួលយកផ្លូវនេះបានទេ"។

លោកស៊ុន ចាន់ថថុលបានបន្ថែមថា នៅពេលផ្លូវនេះ ធ្វើហើយ ក៏ក្រសួងត្រូវចុះពិនិត្យតាមដានលក្ខណៈបច្ចេកទេសគុណភាព និងតាមដានការងារជាប្រចាំរបស់សកម្មភាពក្រុមហ៊ុនសាងសង់ផងដែរ។

លោកបន្ថែមទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានកំពុងសាងសង់ផ្លូវ ជាច្រើនខ្សែនៅក្នុងប្រទេសកម្ពុជា ហើយក៏កំពុងស្វះស្វែងរកថវិកា សម្រាប់ជួសជុលនិងសាងសង់ផ្លូវសំខាន់ៗជាច្រើនទៀត សម្រាប់សម្រួលដល់ការដឹកជញ្ជូន ដល់ទេសចរ និងវិនិយោគិនជាដើម ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា គម្រោងសាងសង់ផ្លូវជាតិលេខ២ នឹងជួយជំរុញការវិនិយោគអចលនទ្រព្យបន្ថែម ហើយសក្ដានុពលសម្រាប់ផ្លូវនេះនឹងកាន់តែទាក់ទាញទៅលើតំបន់រោងចក្រ ឧស្សាហកម្ម ។

លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ផ្លូវជាតិលេខ២ និងលេខ៣ មានការទាក់ទាញខ្លាំងទៅលើការអភិវឌ្ឍ តំបន់ឧស្សាហកម្ម ដោយសារតែផ្លូវនេះ វាងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ហើយនៅពេលកំពង់ទឹកជ្រៅកំពតសាងសង់រួច វាកាន់តែទាក់ទាញបន្ថែមទៀត៕