ដោយ៖ វតនះ
ភ្នំពេញ ៖ នៅក្នុងវិបត្តិកូវីដ-១៩ វិស័យជាច្រើនបានរងផលប៉ះពាល់ ជាពិសេសវិស័យអចលនទ្រព្យកម្ពុជា ប៉ុន្តែគេសង្គេតឃើញថាខេត្តពីរក្នុងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជាគី ខេត្តកំពតនិងកែប នៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់និងបានបង្ហាញសាច់ដុំកាន់តែខ្លាំងទៅលើការវិនិយោគនិងទេសចរណ៍។
ជាការកត់សម្គាល់ គេឃើញថាសកម្មភាពនៃការទិញលក់ដីធ្លីនិងការវិនិយោគថ្មីៗនៅក្នុងខេត្តទាំងពីរនេះ នៅតែមានដំណើរការល្អ និងទទួលបានគម្រោងវិនិយោគថ្មីៗជាច្រើន ពិសេសគម្រោងសម្រាប់ការគាំទ្រដល់វិស័យទេសចរណ៍ ដូចជាការអភិវឌ្ឍសណ្ឋាគារ រីសត និងលំនៅឋានលំហែកាយជាដើម។ ក្នុងនោះ អ្នកជំនួញល្បីឈ្មោះមួយរូបនៅកម្ពុជា លោកឧកញ៉ាទ្រី ភាព បានសម្រេចចិត្តបោះទុនវិនិយោគប្រមាណ១៣០ លានដុល្លារអាមេរិក ទៅលើការអភិវឌ្ឍកោះមួយក្នុងខេត្តកែប។
អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជានិងជាអ្នកវិនិយោគមួយរូបផងដែរ លោក គង់ ចាន់ណា បានឱ្យដឹងថាមានកត្តាសំខាន់មួយចំនួន ដែលធ្វើឱ្យខេត្តកែបនិងកំពតមានសកម្មភាពនៃការទិញលក់ដីធ្លីកាន់តែច្រើនទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ក្ដី ។ កត្តាទី១ ដោយសារតែ អ្នកខេត្តកំពតមានដីធំៗនិងមានតម្លៃខ្ពស់។ ក្រោយពីលក់ជូនវិនិយោគិនក្នុងតម្លៃខ្ពស់ៗ ពួកគាត់បានយកលុយដែលលក់បាននោះទៅទិញដីដែលមានតម្លៃទាបជាងនៅក្នុងតំបន់ឆ្ងាយពីតំបន់ដែលមានសក្ដានុពល ទើបធ្វើឱ្យសកម្មភាពទាំងនេះកាន់តែកើនឡើងខ្ពស់។
លោកបន្តថា នៅក្នុងវិបត្តិកូវីដ-១៩នេះ ការទិញលក់ដីធ្លីនៅក្នុងខេត្តកំពតនិងកែបនៅតែមានភាពមមាញឹក ក្នុងនោះវិនិយោគិនក្នុងស្រុកជាច្រើនបានស្វែងរកទិញដីធ្លី នៅតំបន់មានសក្ដានុពលសម្រាប់ទុកអភិវឌ្ឍ និងខ្លះទៀតទិញសម្រាប់ទុកចំណេញនៅពេលអនាគតផង . ។
បើតាមលោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកែបហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិននិងទេសចរជាច្រើន ក្នុងនោះគេឃើញថាទេសចរជាតិមានចំនួនកាន់តែច្រើន ដូច្នេះហើយទើបក្រុមហ៊ុនវិនិយោគជាច្រើនបានបណ្ដាក់ទុនវិនិយោគ លើសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ជាដើម៕
No comments:
Post a Comment