ដោយៈសុជាតា

ភ្នំពេញៈ មហាវិថីសហព័ន្ធរុស្ស៊ី គឺជាផ្លូវដ៏សំខាន់មួយ ដែលភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ព្រលានយន្តហោះពោចិនតុង ខណៈបច្ចុប្បន្នគំរោងវិនិយោគធំៗលំដាប់អន្តរជាតិបានចាប់ផ្តើមបង្ហាញខ្លួន។

អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ យើ​ងនឹងឃើញមុខមាត់ថ្មី របស់មហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងការសម្ភោធជាផ្លូវការរបស់ភ្នំពេញមេហ្គាលម៉ល ដែលជាការទន្ទឹងរង់ចាំជាយូរមកហើយ រួមជាមួយសណ្ឋាគារនិងការិយាល័យធនាគារ កន្លែងលក់រាយដែលជាទីតាំងដ៏ល្អបំផុត នៅតាមបណ្តោយមហាវិថីមួយនេះ។

ចំណែកឯការអភិវឌ្ឍន៍នាពេលអនាគតនោះ គឺគម្រោងអភិវឌ្ឍអចលនទ្រព្យ ប៊ូយ៉ុង និងគម្រោងរបស់Prince International Plaza ដែលបណ្ដាលឲ្យតំបន់នេះ មានសភាព មមាញឹកនូវការទិញលំនៅដ្ឋានប្រណីតៗ និងអគារពាណិជ្ជកម្មលំដាប់កំពូល ដូចជាកន្លែ​ងធ្វើអាជីវកម្ម កន្លែងកម្សាន្ត កន្លែងសម្រាកអង្គុយលេង និងការដើរទិញឥវ៉ាន់នៅកន្លែងតែមួយ។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យពិភពលោក (Global Real Estate Association )បានប្រាប់ Property Asia Area នៅថ្ងៃទី៧ ខែកញ្ញាថា តម្លៃអចលនទ្រព្យ តាមបណ្តោយផ្លូវសហព័ន្ធរូស៊ី បានកើនឡើងចន្លោះពី២០០០ដុល្លារទៅ ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយគម្រោងអភិវឌ្ឍខុនដូ ផ្សារទំនើប អាគារពាណិជ្ជកម្ម បានធ្វើអោយតំបន់នេះ ពេញណែនតាន់តាប់ដោយគ្មានដី សម្រាប់គម្រោងអភិវឌ្ឍធំៗបន្តទៀត។

គម្រោងធំៗដែលនឹងបន្តសាងសង់ មានដូចជា គម្រោងអភិវឌ្ឍរបស់ Royal Group  ផ្សារទំនើប Phnom Penh mega mall និង គម្រោងអភិវឌ្ឍរបស់ធនាគារជីប ម៉ុងជាដើម។

ជាមួយគ្នានេះ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាសមាគមអ្នកជំនាញអចលនទ្រព្យបានពន្យល់ថា  ជាផ្លូវដ៏ធំទូលាយ ដែលមានមហាវិទ្យាល័យ និងសាកលវិទ្យាល័យ បណ្តុំអគារការិយាល័យទំនើបៗ ដែលកំពុងតែផុសឡើង ដែលស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយក៏ផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើរទៅទីប្រជុំជនធំៗផ្សេងទៀតផងដែរ។

កត្តាទាំងនេះហើយ ដែលធ្វើឱ្យមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងចំណោមទីតាំងដែលមានសក្ដានុពល សម្រាប់ការអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅដ្ឋាននៅរាជធានីភ្នំពេញ។ ប៉ុន្តែគម្រោងអភិវឌ្ឍបានបន្តពេញណែន ធ្វើអោយដីតំបន់នោះ លែងមានដីទំនេរអភិវឌ្ឍធំៗទៀតហើយ។ ជំនួសមកវិញ ផ្លូវជាតិ៦០ម៉ែត្រ ដែលជាមហាវិថីធំភ្ជាប់ទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលកំពុងសាងសង់ បានក្លាយទៅជាតំបន់សក្តានុពលថ្មីសម្រាប់អ្នកវិនិយោគសំលឹងមើលឱកាស។

អ្នកជំនាញដីធ្លី បានព្យាករណ៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នៅពេលមុខមាត់មហាវិថីសហព័ន្ធរុស្ស៊ីកំពុងត្រូវបានផ្លាស់ប្តូរ អ្នកអភិវឌ្ឍន៍នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីឱកាសនេះ ដើម្បីអភិវឌ្ឍគម្រោង ដែលនឹងឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើតមានសម្រាប់អ្នកទិញ៕