ដោយៈស៊ីវ ម៉េង
សៀមរាបៈ អ្នកជំនាញបានមើលឃើញថា សេដ្ឋកិច្ចខេត្តសៀមរាបរងផលប៉ះពាល់ខ្លាំងជាងគេអំឡុងវិបត្តិកូវីដ១៩ ប៉ុន្តែមូលដ្ឋានសេដ្ឋកិច្ចក្នុងខេត្តនេះ នឹងមានភាពរ៉ឹងមាំជាងមុន ដោយសារការធ្វើពិពិធកម្មវិនិយោគ ពីសំណាក់អ្នកវិនិយោគជាតិ អន្តរជាតិ។
អ្នកជំនាញ និងវិភាគអចលនទ្រព្យលំដាប់អន្តរជាតិ អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ កញ្ញាកន្លងមកថា ពីមុនមកខេត្តនេះបានផ្តោតលើវិស័យបដិស ណ្ឋារកិច្ចតែមួយគត់ ប៉ុន្តែបច្ចុប្បន្នមានការវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីៗជាច្រើន ដូចជាខុនដូ អាផាតម៉ិន ដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តនេះមានភាពរ៉ឹងមាំជាងមុន។
អ្នកស្រីបន្តថា "បើមានបញ្ហាសេដ្ឋកិច្ចម្តងទៀត ខេត្តនេះមិនរងផលប៉ះពាល់ខ្លាំងដូចពេលបច្ចុប្បន្នឡើយ"។ អ្នកស្រីបន្តថា "អ្វីនឹងកាន់តែមានភាពល្អប្រសើរ សំរាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខទៀត ហើយអំណាចនៃការទិញនឹងកើនឡើង ហើយខេត្តនេះស័ក្តិសមសំរាប់ការវិនិយោគផ្ទះចូលនិវត្តន៍ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកចង់រស់នៅច្រើនជាងរាជធានីភ្នំពេញ"។
អ្នកស្រីអាន សុធីតាបានបន្តថា ការចំណាយលើការរស់នៅទាប តម្លៃអចលនទ្រព្យ ពិសេសដីធ្លីមានកម្រិតទាប ជាងរាជធានីភ្នំពេញពាក់កណ្តាល និងតម្លៃជួលខុនដូ និងអាផាតម៉ិនទាបជាង២០ទៅ៣០ភាគរយ ធៀបនឹងរាជធានីភ្នំពេញជាអ្វី ដែលជាចំណុចទាក់ទាញរបស់ខេត្តនេះ។
ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ការកសាងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប នឹងជួយលើកកំពស់សោភ័ណភាព ធ្វើឲ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើន ដែលនឹងទាក់ទាញលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ អន្តរជាតិជាច្រើនទៀត។លោកបន្តថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី ការកសាងទីក្រុង Grand City Siem Reap នឹងលើកកំពស់សក្តានុពល វិស័យអចលនទ្រព្យក្នុងខេត្តនេះបន្ថែមទៀតនាពេលអនាគត។
លោកបន្តថា "ការវិនិយោគសាងសង់ខុនដូ អាផាតម៉ិននៅក្រុងសៀមរាប ជារឿងល្អមួយសំរាប់អនាគត ព្រោះចំនួនបន្ទប់សណ្ឋាគារនឹងជួបការខ្វះខាត នៅពេលមានពិធីបុណ្យធំៗ ហេតុនេះខុនដូ និងអាផាតម៉ិននឹងជាជម្រើសថ្មីមួយទៀត សំរាប់ភ្ញៀវទេសចរណ៍"។
លោកបន្តថា "ការស្នាក់នៅខុនដូ មានតម្លៃទាបបើធៀបនឹងការស្នាក់នៅតាមសណ្ឋាគារ ហើយនាពេលអនាគត ខុនដូនិងសណ្ឋាគារនឹងក្លាយជាផ្នែកតែមួយ ខណៈប្រទេសរីកចម្រើននានាមានទំនោរបែបនេះ"៕
No comments:
Post a Comment