ដើម្បីឱ្យគ្រួសារដែលមានចំណូលទាប និងមធ្យមនៅកម្ពុជាមានផ្ទះអចិន្រ្តៃយ៍ដើម្បីរស់នៅ យើងមិនអាចមើលរំលងពីសារៈសំខាន់នៃស្ថាប័នផ្តល់ប្រាក់កម្ចីនោះទេដូចជា ធនាគារ និងមីក្រូហិរញ្ញវត្ថុដែលដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះដល់ពួកគេ។ ជាទូទៅ ប្រជាជនសាមញ្ញមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញផ្ទះស្នាក់នៅនោះទេ ដោយសារតែប្រាក់ចំណូល និងប្រាក់សន្សំរបស់ពួកគេនៅមានកំរិត។ ដូច្នេះពួកគេត្រូវការខ្ចីប្រាក់មួយចំនួនពីធនាគារដើម្បីអាចទិញផ្ទះសម្រាប់ស្នាក់នៅបាន។ទោះជាយ៉ាងណាក៏ដោយ មុនពេលអ្នកអាចខ្ចីប្រាក់ពីធនាគារ អ្នកត្រូវមានវត្ថុបញ្ចាំដូចជាប្លង់ផ្ទះ និងប្លង់ដីជាដើម ដែលជាការតម្រូវរបស់ធនាគារ ក្នុងករណីអ្នកខកខានមិនបានសងប្រាក់កម្ចីតាមពេលវេលាកំណត់។ ក្រៅពីវត្ថុបញ្ចាំ ធនាគារនឹងសិក្សាពីចំណូលបច្ចុប្បន្នរបស់អ្នកនិងសក្តានុពលប្រាក់ចំណូលនាពេលអនាគត ប្រាក់សន្សំ និងប្រវត្តិឥណទានធនាគាររបស់អ្នក។ បន្ទាប់មក ធនាគារនឹងសម្រេចចិត្តថាតើពួកគេអាចផ្តល់ប្រាក់កម្ចីទិញផ្ទះដល់អ្នកបានចំនួនប៉ុន្មាន។
នៅប្រទេសកម្ពុជាមានធនាគារពាណិជ្ជជាង៣៥ ដែលអ្នកត្រូវជ្រើសរើសមួយក្នុងចំណោមធនាគារទាំងនោះដើម្បីផ្តល់ជូនអ្នកនូវប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌនៃការសងត្រលប់ដ៏ល្អ។ ជាទូទៅ ធនាគារអាចផ្តល់ប្រាក់កម្ចីរហូតដល់៧០%នៃប្រាក់កម្ចីទិញផ្ទះរបស់អ្នក ជាមួយនឹងរយៈពេលពី១៥ទៅ៣០ឆ្នាំ ហើយបន្ទាប់មកអ្នកត្រូវសងធនាគារវិញជាប្រចាំខែ។លោក ព្រុំ សារិទ្ធ គឺជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ ដែលមានភរិយាធ្វើការងារនៅក្នុងវិស័យឯកជនដូចគ្នា។ ក្រោយពីរៀបការជាមួយគ្នាបានពីរឆ្នាំ ពួកគេបានសម្រេចចិត្តទិញផ្ទះនៅក្នុងបុរីមួយកន្លែងនៅជាយក្រុងភ្នំពេញ ដោយជ្រើសយកធនាគារ UCB។
អំពីបទពិសោធន៍នៃការខ្ចីប្រាក់ទិញផ្ទះ លោក ព្រុំ សារិទ្ធ បានបញ្ជាក់ថា ដំបូងលោកត្រូវបង់ប្រាក់ចំនួន៣០%ជាមួយម្ចាស់បុរី ក្រោយមកលោកបានយកប្លង់រឹងដែលទទួលបានពីបុរីដើម្បីខ្ចីលុយពីធនាគារចំនួន៧០% រួចបង់រំលោះជាមួយធនាគាររយៈពេល១០ឆ្នាំ ដោយក្នុងមួយខែលោកត្រូវបង់ប្រាក់រំលស់ចំនួន៥០០ដុល្លារ។ លោកបានបន្តថា មុននឹងធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះដល់លោក ធនាគារបានសិក្សាយ៉ាងលំអិតអំពីប្រាក់ចំណូល និងលទ្ធភាពបង់ប្រាក់របស់លោក ហើយលោកក៏មានការបារម្មណ៍ខ្លះដែរអំពីស្ថេរភាពប្រាក់ចំណូលរបស់លោក ជាពិសេសនៅពេលលោកបាត់បង់ការងារ។នៅក្នុងរបាយការណ៍ប្រចាំឆមាសទីមួយឆ្នាំ២០២១ដោយធនាគារជាតិនៃកម្ពុជា ប្រាក់កម្ចីទិញផ្ទះនៅកម្ពុជារហូតមកដល់ពេលនេះមានចំនួន ៤,៤ ពាន់លានដុល្លារនៃប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យ និងសំណង់សរុបចំនួន ១០,៥ ពាន់លានដុល្លារ ខណៈដែលប្រាក់កម្ចីធនាគារសរុបមានចំនួន៣៣,៩ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំ២០២១នេះ។
ទោះជាយ៉ាងណា ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩មកលើសេដ្ឋកិច្ចទាំងមូល ចំនួននៃការស្នើសុំកម្ចីទិញផ្ទះនៅកម្ពុជាបានធ្លាក់ចុះ៣២ភាគរយនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសទីមួយនៅឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ឥណទានអតិថិជន ដែលបោះពុម្ពផ្សាយដោយការិយាល័យឥណទានកម្ពុជា CBC។
គិតត្រឹមខែមិថុនាឆ្នាំ២០២១ របាយការណ៍នេះបានឱ្យដឹងថា ចំនួននៃការស្នើសុំកម្ចីទិញផ្ទះមានជាង ១៤៦.០០០ ឫស្មើនឹង១១ភាគរយនៃចំនួនស្នើសុំប្រាក់កម្ចីសរុបចំនួន១.៣លាន ចំណែកតម្លៃប្រាក់កម្ចីមានចំនួន ៥.៦ ពាន់លានដុល្លារ ឬស្មើនឹង៥២ភាគរយនៃប្រាក់កម្ចីសរុបចំនួន១០,៧ ពាន់លានដុល្លារ។
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងមកកាន់៖ 855 967876902 (Telegram)/ 855 66886633
ប្រភព៖ Harbor Property
No comments:
Post a Comment