ដោយៈសុខុម
ភ្នំពេញ: សកលវិទ្យាល័យល្បីៗនៅប្រទេសថៃ ជាពិសេសសលវិទ្យាល័យឯកជនទាក់ទាញនិស្សិតអន្តរជាតិបានយ៉ាងច្រើន ពីប្រទេសនានារួមមានប្រទេសចិន និងបណ្ដាប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) តាមរយៈការពង្រឹងសមត្ថភាពរបស់និស្សិត។ នេះបើយោងតាមកាសែត Bankok Post ចុះផ្សាយនៅថ្ងៃទី៧ កញ្ញា នេះ។
ការិយាល័យគណៈកម្មការឧត្តមសិក្សា (OHEC) របស់ថៃ បានរាយការណ៍ថា ចំនួននិស្សិតអន្ដរជាតិ ដែលសិក្សានៅតាមសកលវិទ្យាល័យឯកជននានា ក្នុងប្រទេសថៃ បានកើនឡើងពី៨.២៥៥នាក់ក្នុងឆ្នាំ២០១៥ ដល់៩.៨៤០នាក់ក្នុងឆ្នាំ២០១៦ និងដល់១១.៥១២នាក់នៅឆ្នាំ២០១៧។
ការិយាល័យដដែលបានបន្ថែមថា និស្សិតអន្តរជាតិភាគច្រើននៅក្នុងឆ្នាំ២០១៧ មកពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ សាកលវិទ្យាល័យ Dhurakij Pundit University បានចាប់ផ្ដើមកម្មវិធីពិសេសមួយជាមួយប្រទេសចិន កាលពី១៥ឆ្នាំមុន ហើយផ្តល់កម្មវិធីសិក្សា២ភាសា និង៣ភាសាសម្រាប់និស្សិតចិន។
លោកស្រី Darika Lathapipat ប្រធានសកលវិទ្យាល័យ Dhurakij Pundit University បានលើកឡើងថា "យើងបានចាប់ផ្តើមធ្វើទីផ្សារក្នុងបណ្ដាប្រទេស CLMV ក៏ដូចជាប្រទេសចិនកាលពីច្រើនឆ្នាំមុន"។ លោកស្រីបន្តថា "បន្ទាប់ពីប្រទេសចិន បានផ្តួចផ្តើមគោលនយោបាយបើកចំហ និស្សិតចិន ជាច្រើនបានមកសិក្សានៅប្រទេសថៃ ដោយសារពួកគេចូលចិត្តប្រទេសថៃ ហើយមានអារម្មណ៍ស្រួលនៅទីនេះ"។
ទន្ទឹមនេះ សាស្ត្រាចារ្យ Sompong Jitradup ដែលជាអ្នកជំនាញមួយរូបផ្នែកអប់រំនៅមូលនិធិអប់រំសមធម៌ Equitable Education Fund (EEF)និងជាអតីតសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Chulalongkorn University បានថ្លែងថា សកលវិទ្យាល័យឯកជននានាគួរតែវិនិយោគលើបច្ចេកវិទ្យាឱ្យបានច្រើន។
សាស្ត្រាចារ្យរូបនេះបានគូសបញ្ជាក់ថា "ក្រៅពីការទទួលយកនិស្សិតអន្តរជាតិ សកលវិទ្យាល័យឯកជននានា គួរតែវិនិយោគលើកម្មវិធីសូហ្វវែរ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីឱ្យខ្លួនមានវគ្គសិក្សា ទាក់ទងនឹងបច្ចេកវិទ្យាទំនើបជាងសាកលវិទ្យាល័យរដ្ឋ។ បន្ទាប់មកពួកគេគួរតែជួលសាស្ត្រាចារ្យ ពីបណ្ដាសកលវិទ្យាល័យកំពូលៗ ដើម្បីឱ្យនិស្សិតមានអារម្មណ៍ចង់សិក្សាជាពិសេសនៅទីនោះ"៕
No comments:
Post a Comment