ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុនកូរ៉េខាងត្បូង SK Innovation គ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៥.១ទ្រីលានវ៉ុន (៤.៣២ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រផលិតអាគុយនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ក្រុមហ៊ុន SK Innovation ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ SK Group  បានបញ្ជាក់នៅថ្ងៃអង្គារ ទី២៨ កញ្ញានេះថា ការបោះទុនវិនិយោគនេះ នឹងធ្វើឡើងតាមរយៈការបណ្ដាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford Motor រហូតដល់ឆ្នាំ២០២៧។

ក្រុមហ៊ុនផលិតអាគុយ ដែលផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី (EV) ដល់ក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន Ford Motor ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុនផ្សេងៗទៀតនេះ មានទីតាំងផលិតអាគុយនៅសហរដ្ឋអាមេរិក ប្រទេសហុងគ្រី ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុន SK Group គឺជាសម្ព័ន្ធឧស្សាហកម្មធំបំផុតទី៣ ប្រចាំប្រទេសកូរ៉េខាងត្បូង ជាមួយនឹងចំនួនបុត្រសម្ព័ន្ធរហូតដល់ទៅ៩៥ ដែលប្រើឈ្មោះម៉ាកយីហោ SK រួមគ្នាតែមួយ។

បង្កើតឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៥៣ ពោលគឺ៦៨ឆ្នាំមុន ក្រុមហ៊ុន SK Group រកស៊ីជាច្រើនមុខដូចជាផ្នែកថាមពល & គីមី ទូរគមនាគមន៍ ការជួញដូរ & សេវាកម្ម និងបន្ទះឈីប ។ល។ និងមានទ្រព្យសកម្មសរុបរហូតដល់ទៅ២៥៧,៩ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០១៨៕ Reuters៕