ដោយៈស៊ីវ ម៉េង
កណ្តាលៈ ដោយសារកត្តាអំណោយផលជាច្រើន និងចក្ខុវិស័យចំពោះមុខរបស់អ្នកវិនិយោគអចលនទ្រព្យ បានធ្វើឲ្យតម្លៃដីធ្លីនៅស្រុកចំនួនបី ភាគខាងជើងរាជធានីភ្នំពេញកើនឡើងយ៉ាងគំហុក។
លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២ សីហានេះថា បច្ចុប្បន្នតំរូវការដីធ្លីកំពុងកញ្រ្ជោលខ្លាំងនៅស្រុកមុខកំពូល ស្រុកពញាឮ និងស្រុកបាធាយ ខេត្តកំពង់ចាម កំពុងមានតម្រូវការច្រើនពីអ្នកវិនិយោគ ដែលធ្វើឲ្យសកម្មភាពទិញលក់កើនឡើងខ្លាំង ព្រោះមានគំរោងធំៗជាច្រើនឆ្ពោះទៅតំបន់នេះ។

លោកស្រីបន្តថា "ពីមុនពេលប្រកាសសាងសង់ស្តាតមរតកសម្តេចតេជោ បានធ្វើឲ្យដីធ្លីកើនឡើងរួចហើយ ប៉ុន្តែបច្ចុប្បន្នមានបុរីជាច្រើនឆ្ពោះទៅតំបន់នេះ ដូចជាបុរីឡេង ណាវ៉ាត្រា បុរីជីប ម៉ុង និងបុរីជាច្រើនទៀត"។ លោកស្រីបន្តថា "បច្ចុប្បន្នបុរីនៅតំបន់់នេះបានរីកដូចផ្សិត ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើង ពិសេសការប្រារពកីឡាស៊ីហ្គេមនឹងធ្វើឲ្យតំបន់នេះកាន់តែរីកចម្រើនខ្លាំង"។
លោកស្រីតាំង ហួរបានបន្តថា មានការលេចឮព៌តមានថា តំបន់ទាំងងនេះ នឹងកាត់ចូលក្នុងដែនរាជធានីភ្នំពេញនៅឆ្នាំ២០២២ខាងមុខ ដែលព៌តមាននេះបានធធ្វើឲ្យតម្លៃដីធ្លី និងសកម្មភាពអភិវឌ្ឍន៍ ពិសេសអ្នកស្វែងទិញដីយកផលចំណេញ កំពុងកើនឡើងច្រើន ដែលបានធ្វើឲ្យដីនៅតំបន់ខាងលើនេះ កើនឡើងចន្លោះពី២០ទៅ៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ (សំរាប់ដីបឹង) និងតម្លៃចន្លោះពី១៥០ ទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េនៅតាមផ្លូវជាតិ និងផ្លូវធំៗមួយចំនួនទៀត។
លោកស្រីបន្តថា "តំបន់នេះមានស្ពាន មានផ្លូវធំៗដែលរៀបចំថ្មី ពិសេសគំរោងរបស់ឧកញ៉ាឡេង ណាវ៉ាត្រាបានធ្វើឲ្យតំបន់នេះស្ទុះឡើងនូវការរីកចម្រើន ដែលបច្ចុប្បន្នខ្ញុំរកដីជូនភ្ញៀវមិនបាននោះទេ"។លោកបន្តថា "មានភ្ញៀវច្រើនណាស់ កំពុងភ្លូកទឹក ភ្លូកដីទៅកាន់តំបន់នេះ"។
រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញពីប្លង់គោលប្រើប្រាស់ដីធ្លីនៅឆ្នាំ២០៣៥ ដែលតាមរយៈប្លង់គោលនេះបានបង្ហាញថា តំបន់ភាគខាងជើងក្រុងភ្នំពេញ ក្នុងទឹកដីខេត្តកណ្តាលនឹងត្រូវកាត់ចូល ដែនរដ្ឋបាលរាជធានីភ្នំពេញនាពេលខាងមុខ ព្រោះរាជធានីនេះ នឹងត្រូវពង្រីក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡា៕
No comments:
Post a Comment