ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ មិនថាការទិញដី ឬទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកផលចំណេញវិញ មិនមែនជារឿងងាយស្រួលនោះទេ ហើយក៏មិនមែនជារឿងដែលពិបាកនោះដែរ។
លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ឱ្យដឹងថា ជាទូទៅនៅក្នុងពិភពលោក តែងតែមានបំណុលដែលបំណុលទាំងនេះ មានលក្ខណៈជាគ្រួសារ សហគមន៍ ឯកជន ក្រុមហ៊ុន និងប្រទេសជាតិ ហើយនៅពេលដែលប្រើប្រាស់បំណុលទាំងនេះ មានប្រសិទ្ធិភាពនោះ នឹងជំរុញឱ្យជីវភាព នៅក្នុងស្ថានភាពសេដ្ឋកិច្ចគ្រួសារ សហគន៍ ប្រទេស និង ក្រុមហ៊ុន មានការរីកចំរើន។
លោកពន្យល់ថា "បំណុលគឺជាការប្រើប្រាស់ធនធានអ្នកដទៃ តាមរយៈការប្រើប្រាស់ជាថវិកាឬជាទ្រព្យសម្បត្តិ និងអ្វីផ្សេងៗទៀតសម្រាប់ធ្វើការការដោះដូរ និងជាប្រយោជន៍ក្នុងការវិស័យជំនួញឱ្យមានប្រសិទ្ធិភាព"។
លោកបន្តថា នៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ អ្នកវិនិយោគអាចស្វែងរកបំណុល តាមរយៈធនាគារដែលជាស្ថាប័នឯករាជ្យ ក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនទូទៅ ក្នុងការទិញលំនៅឋានសម្រាប់ស្នាក់នៅ ឬទិញលំនៅឋានសម្រាប់ធ្វើការវិនិយោគបន្ត ។
លោកពន្យល់ថា "មុនដំបូងយើងត្រូវធ្វើការសិក្សានូវគុណតម្លៃ នៃវិស័យអចលនទ្រព្យដែលយើងត្រូវវិនិយោគ តើជាប្រភេទអចលនទ្រព្យបែបណា"។
ឧទាហរណ៍បើយើងវិនិយោគលើលំនៅឋាន ដូចជាផ្ទះ ឬខុនដូ ឬមួយជាគម្រោងដែលកំពុងសាងសង់ សម្រាប់ទុកវិនិយោគបន្ត ឬសម្រាប់ជួលជាដើមនោះ យើងត្រូវសិក្សាពីចំណូល និងកំណើនតម្លៃអចលនទ្រព្យនៅពេលខាងមុខ ដោយធៀបជាមួយនឹងបំណុល។
លោកច្រឹក សុខនីមបានបន្ថែមទៀតថា នៅពេលដែល យើងមានគម្រោងដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយចីរភាព យើងត្រូវវិភាគអំពីឱកាសនៅក្នុងការវិនិយោគ រួមផ្សំជាមួយនឹងការសងត្រឡប់ បូកជាមួយប្រាក់បំរ៉ុងទុក។ បើយើងមានធនធានទាំងអស់នេះ បំណុលនៅក្នុងវិស័យអចលនទ្រព្យ គឺទុន និងជាលទ្ធភាពល្អបំផុត ពីព្រោះ នៅពេលដែលយើងប្រើប្រាស់បំណុល ធ្វើឱ្យយើងចំណេញពេលវេលា និងអាចធ្វើឱ្យជីវភាពដើរលឿនជាអ្នកដែលមិនប្រើប្រាស់បំណុល។
លោកបញ្ជាក់ថា "ដូច្នេះនៅពេលដែលយើងប្រើប្រាស់បំណុលបានត្រឹមត្រូវ ហើយ ស្ទង់មើលនូវឥទ្ធិពល នៅក្នុងកម្រិតដែលជាវិជ្ជមាន គឺជាហេតុផលចម្បងដែលធ្វើឱ្យសេដ្ឋកិច្ចក្រុមគ្រួសារ មានការរីកចំរើន ។ ការប្រើប្រាស់បំណុល ជាទ្រព្យសម្បត្តិ នឹងទទួលបាននូវគុណតម្លៃពីការវិនិយោគ"។
លោកបន្ថែមថា ជាមួយគ្នានេះដើម្បីទទួលបាននូវព័ត៌មានជុំវិញ ការប្រើប្រាស់បំណុលើការវនិយោគវិស័យអចលចនទ្រព្យ លោកអ្នកអាចប្រឹក្សាយោបល់ ជាមួយភ្នាក់ងារអចលនវត្ថុ ឬ ក៏មន្ត្រីធនាគារ៕
No comments:
Post a Comment