ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ដើមឆ្នាំ២០២២នេះ កម្ពុជាទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ឡើងវិញ ទោះបីជាស្ថានភាពកូវីដ១៩ មិនទាន់បានបញ្ចប់ទាំងស្រុងក៏ដោយ ជាក់ស្ដែងនៅក្នុងខែកុម្ភៈ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី ជូនក្រុមហ៊ុនវិនិយោគចំនួន១០គម្រោងដែលមានទឹកប្រាក់សរុប៩៣,១លានដុល្លារអាមេរិក ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយបន្តបន្ទាប់ ក្នុងខែកុម្ភៈបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនដែលស្នើសុំចុះបញ្ជីវិនិយោគនៅកម្ពុជា និងត្រូវបានប្រកាសក្នុងខែកុម្ភៈ គឺភាគច្រើនជាគម្រោងរោងចក្រ ក្នុងនោះក៏មានរោងចក្រផ្គុំដំឡើងរថយន្តមួយផងដែរ គឺរោងចក្រអ៊ីស៊ូហ្ស៊ូ។
ក្រៅពីរោងចក្រនេះ ក៏មានរោងចក្រផ្សេងទៀតជាច្រើនដូចជា ទី១- គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨២៨កន្លែង។
ទី២- គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៨កន្លែង។ ទី៣- គម្រោងបង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅផ្គត់ផ្គង់ឱ្យរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៦,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨២កន្លែង។
ទី៤- គម្រោងបង្កើតរោងចក្រផលិតម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារលេខ #I-4A-12 ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៩៥កន្លែង។
ទី៥- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៧៨៩កន្លែង។
ទី៦- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦០០កន្លែង។
ទី៧- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុន វិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៧កន្លែង។ ទី៨- គម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ ៤១ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។
ទី៩- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩២៩កន្លែង។
ទី១០- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។
ទី១១- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៨៤កន្លែង៕